
ថៃ៖ គណៈកម្មការប្រឆាំងអំពើពុករលួយថៃ NACC នៅរសៀលថ្ងៃច័ន្ទទី ២៤ ខែ មិថុនានេះ បានប្រកាសថាខ្លួននឹងបើកការស៊ើបអង្កេតលើលោកស្រី ផែងថងថាន ជុំវិញការលេចធ្លាយការជជែកគ្នាតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន ដោយការស៊ើបអង្កេតលើលោកស្រីនេះនិងបញ្ចប់ក្នុងរយៈពេល ១០ ថ្ងៃ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) នៅថ្ងៃចន្ទនេះ បានឯកភាពជាឯកច្ឆ័ន្ទក្នុងការចាប់ផ្តើមការស៊ើបអង្កេតបឋមលើវីដេអូឃ្លីបដែលលេចធ្លាយនៃការសន្ទនារវាងលោកស្រីផែងថងថាន ស៊ីណាវ៉ាត្រា និងលោកសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គណៈកម្មាការជឿជាក់ថា ខ្លឹមសារអាចបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានសីលធម៌ ជាពិសេសទាក់ទងនឹងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ NACC បានកំណត់ពេលវេលា ១០ ថ្ងៃដើម្បីបញ្ចប់ការស៊ើបអង្កេតបឋម។ ដំណើរការនេះនឹងរួមបញ្ចូលការចម្លង និងការបកប្រែយ៉ាងត្រឹមត្រូវនូវសំឡេងពីខ្មែរទៅជាភាសាថៃ ការសាកសួរសាក្សីដែលពាក់ព័ន្ធ និងពិនិត្យមើលតាមច្បាប់ជាធរមាន។

គួរបញ្ជាក់ថា សំឡេងសន្ទនាតាមទូរសព្ទរវាងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន កាលពីថ្ងៃទី ១៥ មិថុនា បានបែកធ្លាយតាមបណ្តាញសង្គម នៅថ្ងៃទី ១៨ មិថុនានេះ។ក្នុងកិច្ចសន្ទនានោះ នាយករដ្ឋមន្ត្រីថៃ បានរិះគន់ខ្លាំងៗទៅលើមេយោធាភូមិភាគ២ លោក Boonsin Padklang ដែលតែងតែនិយាយលើកខ្លួនឯងចាប់បានការគាំទ្រ និង ជាអ្នកប្រឆាំងរាជរដ្ឋាភិបាលថៃ។
ជាកិច្ចសន្ទនាតាមទូរសព្ទ ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន បានស្នើសុំទៅសម្តេច ហ៊ុន សែន កុំស្លាប់សម្តីរបស់មេយោធាភូមិភាគ២ លោក Boonsin Padklang ព្រោះបុគ្គលនោះ គឺជាអ្នកប្រឆាំងរដ្ឋាភិបាលថៃ ដើម្បីតែលើកខ្លួនចង់បានប្រជាប្រិយភាព ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយរដ្ឋាភិបាលថៃ ចង់បានសន្តិភាព និងស្ថេរភាព ដូចមុនថ្ងៃទី ២៨ ឧសភា និង សុំការអាណិតពីសម្តេច ហ៊ុន សែន ដោយសារតែខ្លួនមិនចង់រងសម្ពាធ៕