
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំនៅព្រឹកថ្ងៃទី ២៤ ខែ មិថុនានេះបានប្រកាសថាបទឈប់បាញ់ទាំងស្រុង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាចបញ្ចប់សង្គ្រាមរយៈពេល ១២ថ្ងៃ និងចូលជាធរមានដើម្បីទប់ស្កាត់ជនភៀវខ្លួនអ៊ីរ៉ង់រាប់លាននាក់ដែលកំពុងតែភ័យខ្លាច។ ការប្រកាសបទឈប់បាញ់នេះធ្វើឡើងក្រោយពីអ៊ីរ៉ង់បានព្យាយាមវាយប្រហារមូលដ្ឋានកងទ័ពអាម៉េរិកនៅកាតាកាលពីយប់ថ្ងៃទី ២៣ ខែ មិថុនា (ម៉ោងក្នុងស្រុក)។

ថ្លែងតាមប្រព័ន្ធ Truth Social ប្រមុខរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានសរសេររៀបរាប់ថាខ្ញុំចង់អបអរសាទរដល់ប្រទេសទាំងពីរ អ៊ីស្រាអែល និងអ៊ីរ៉ង់ដែលមានភាពរឹងមាំ ភាពក្លាហាន និងភាពវៃឆ្លាតដើម្បីបញ្ចប់នូវសង្រ្គាមជាមួយគ្នារយៈពេល ១២ថ្ងៃ ហើយប្រទេសទាំងពីរទាំងអ៊ីស្រាអែល និង អ៊ីរ៉ង់មានពេលតែ ៦ម៉ោងទៀតប៉ុណ្ណោះដើម្បីបញ្ចប់ប្រតិបត្តិការយោធាចុងក្រោយមុនបទឈប់បាញ់ចូលជាធរមាន ហើយក្រោយ រយៈពេល ២៤ម៉ោងទៀតបទឈប់បាញ់បញ្ចប់ជម្លោះរយៈពេល ១២ ថ្ងៃរវាងប្រទេសទាំងពីរនិងចាប់ផ្តើមចូលជាធរមានជាផ្លូវការ។

លោកដូណាល់ត្រាំថែមទាំងបញ្ជាក់ទៀតថាសង្រ្គាមរវាងប្រទេសទាំងពីរអាចនិងអូសបន្លាយរយៈពេលរាប់ឆ្នាំ និងអាចបំផ្លាញមជ្ឈិមបូព៌ាបានទាំងស្រុងតែសង្រ្គាមមួយនេះមិនអាចបន្តទៅមុខបានទៀតឡើយក្នុងរយៈពេលវែង ហើយការបញ្ចប់សង្រ្គាមរយៈពេល១២ថ្ងៃគឺជាអ្វីដែលពិភពលោកចង់ឃើញ និងសារទរ។

ភ្លាមៗក្រោយពីការប្រកាសរបស់លោកត្រាំបទឈប់បាញ់មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលនៅឡើយទេ។មន្ត្រីអ៊ីរ៉ង់ម្នាក់បានអះអាងមុននេះថា ទីក្រុងតេអេរ៉ង់បានយល់ព្រមលើបទឈប់បាញ់ រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់លោក Abbas Araqchi បានប្រកាសទៀតថាខ្លួននិងបញ្ឈប់ការវាយប្រហារឡើយលុះត្រាតែអ៊ីស្រាអែលយល់ព្រមដូចគ្នា។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ២២ ខែ មិថុនា លោកដូណាល់ត្រាំបានបញ្ជាឲ្យយន្តហោះ B-2 Spirit ដឹក គ្រាប់បែកខ្នាតយក្ស GBU-57 ដែលមានទម្ងន់ ១៣ ម៉ឺនគីឡូមានសមត្ថភាពទម្លុះជម្រៅដី ៦០ម៉ែត្រកម្ទេចទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួន ៣ របស់អ៊ីរ៉ង់រួមានNatanz , Fordow និង Isfahan។ លោកត្រាំថែមទាំងបានព្រមានទៀតថាបើអ៊ីរ៉ង់ឆ្លើយតបវិញនោះអាម៉េរិក និងធ្វើឲ្យអ៊ីរ៉ង់ឃើញអ្វីដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញពីមុនមកឡើយ៕