
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៤១ឆ្នាំ ដែលមានទីលំនៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺបានចាប់ផ្តើមមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ លទ្ធផលតេស្តពីវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ H5N1។
បើតាមការសាកសួរ អ្នកជំងឺបានប្រាប់ថា មាន់ទាឈឺ និងងាប់ជាច្រើនក្បាលនៅក្នុងផ្ទះរបស់គាត់ និងផ្ទះអ្នកជិតខាង។ អ្នកជំងឺបានកាន់ និងប៉ះពាល់មាន់ឈឺងាប់ទាំងនោះ រួចយកមកធ្វើម្ហូបទទួលទាន ប្រាំថ្ងៃមុនពេលគាត់ចាប់ផ្តើមឈឺ។ បច្ចុប្បន្ន ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំពុងសហការជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើករណីនេះ។ ក្រុមការងារកំពុងស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស ក៏ដូចជាកំណត់រកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។
ក្រសួងសុខាភិបាលបានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយបក្សី H5N1 ព្រោះវាបន្តគំរាមកំហែងដល់សុខភាពសាធារណៈ។ ក្រសួងបានណែនាំថា ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម ហើយមានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងរយៈពេល ១៤ថ្ងៃមុនពេលចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន។ ផ្ទុយទៅវិញ សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីចៀសវាងការពន្យារពេលដែលអាចបង្កហានិភ័យខ្ពស់ដល់អាយុជីវិត៕

