
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិកថាខ្លួននិងសងសឹកទៅលើទង្វើរបស់អាម៉េរិកដែលបើកការវាយប្រហារលើមូលដ្ឋានទីតាំងនុយក្លេអ៊ែរ ចំនួន៣ របស់អ៊ីរ៉ង់ ដែលរួមមាន ទីតាំង Natanz , Fordow និង Isfahan។ ការព្រមានរបស់អ៊ីរ៉ង់នេះធ្វើឡើងក្រោយពីអ៊ីស្រាអែលបានបន្តបើកការវាយប្រហារប្រហារគុក Evin របស់អ៊ីរ៉ង់មួយថ្ងៃបន្ទាប់ពីអាម៉េរិកចូលរួមក្នុងសង្រ្គាមដោយផ្ទាល់ឈរជើងជាមួយអ៊ីស្រាអែលវាយស្ទួនៗគ្នាលើប្រទេសអ៊ីរ៉ង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកអ៊ីរ៉ង់បានព្រមានថានិងសងសឹកត្រឡប់ទៅអាម៉េរិកវិញឱ្យចាស់ដៃក្រោយពីអាម៉េរិកបានបញ្ជូនយន្តហោះដឹកគ្រាប់បែកខ្នាតយក្សទម្ងន់១៣ម៉ឺនគីឡូកម្ទេចទីតាំងនុយក្លេអ៊ែរ ចំនួន៣ របស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានចាត់ទុកការប្រឡូកសង្រ្គាមដោយផ្ទាល់របស់អាម៉េរិកគឺជាបំពានច្បាប់អន្តរជាតិ និងបំពានប្រទេសអ៊ីរ៉ង់ ហើយអាម៉េរិកកំពុងតែលេងសង្រ្គាមកូនកាត់ជាមួយនិងអ៊ីស្រាអែល អ៊ីរ៉ង់និងឆ្លើយតបត្រឡប់ទៅវិញជុំវិញទង្វើរបស់អាម៉េរិក។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ២២ ខែ មិថុនា លោកដូណាល់ត្រាំបានបញ្ជាឲ្យយន្តហោះ B-2 Spirit ដឹក គ្រាប់បែកខ្នាតយក្ស GBU-57 ដែលមានទម្ងន់ ១៣ ម៉ឺនគីឡូមានសមត្ថភាពទម្លុះជម្រៅដី ៦០ម៉ែត្រកម្ទេចទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួន ៣ របស់អ៊ីរ៉ង់រួមានNatanz , Fordow និង Isfahan។ លោកត្រាំថែមទាំងបានព្រមានទៀតថាបើអ៊ីរ៉ង់ឆ្លើយតបវិញនោះអាម៉េរិក និងធ្វើឲ្យអ៊ីរ៉ង់ឃើញអ្វីដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញពីមុនមកឡើយ។

យោងតាម Global Fire Power អ៊ីរ៉ង់គឺជាមហាអំណាចយោធាទី ១៦ យោធាអ៊ីរ៉ង់មានទាហានសកម្មប្រហែល ៦១០,០០០ នាក់ និង ៣៥០,០០០ នាក់បម្រុង សរុបចំនួនទាហានប្រហែល ៩៦០,០០០នាក់។ ចំណែកអាម៉េរិកជាប់ចំណាត់ថ្នាក់យោធាលេខមួយដែលមានចំនួនយោធាប្រហែល ២,១២៧,៥០០នាក់ រួមទាំងទាហានសកម្ម និងបម្រុង។ ថវិកាការពារជាតិរបស់សហរដ្ឋអាម៉េរិកសម្រាប់ឆ្នាំ ២០២៥ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន $៨៤៩ ពាន់លានដុល្លារ ដែលលើសពីប្រទេសដទៃទៀត ហើយមានកងទ័ពអាកាសអាម៉េរិក គឺជាកងទ័ពដ៏ធំបំផុតនៅលើពិភពលោក ដែលមានយន្តហោះជាង ១៣,០០០ គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយកម្រិតខ្ពស់ដូចជា F-22 និង F-35 ព្រមទាំងសព្វាវុធទំនើបជាច្រើនទៀត៕