
ភ្នំពេញ៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់ថវិកាឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ដែលជាប្រធានសាលាគុនល្បុក្កតោជ័យតេជៈ។ ការឧបត្ថម្ភនេះធ្វើឡើងបន្ទាប់ពីកញ្ញាបានរងគ្រោះដោយអគ្គិភ័យឆេះបំផ្លាញទីតាំងសាលាគុន និងអាហារដ្ឋាន ដែលទើបជួលបានពីរថ្ងៃ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
លោកស្រី ម៉ែន នារីសោភ័គ បានបញ្ជាក់ថា ការសម្រេចជួយឧបត្ថម្ភនេះ គឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានទទួលព័ត៌មានលម្អិតអំពីគ្រោះអគ្គិភ័យ ដែលបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិជាច្រើន ជាពិសេសគឺ សៀវភៅយុទ្ធគុនល្បុក្កតោ ដែលជាមរតកដ៏មានតម្លៃ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះគុណតម្លៃនៃការខិតខំលើកតម្កើងគុនល្បុក្កតោកម្ពុជារបស់កញ្ញា ពេជ្រ ចរណៃ ដែលជាកូនសិស្សរបស់ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន (ទទួលមរណភាពថ្ងៃទី៣ មិថុនា ២០២៥)។
ថវិកាដែលផ្តល់ជូននេះ គឺដើម្បីរួមចំណែកក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោជ័យតេជៈឡើងវិញ ដែលបច្ចុប្បន្នមានសិស្សប្រមាណ ២៩ នាក់ ក្នុងនោះ ៧០% ជាសិស្សខ្វះខាតមិនបង់ថ្លៃសិក្សា។ ពេជ្រ ចរណៃ ក៏ធ្លាប់គ្រោងបើកអាហារដ្ឋានដើម្បីទ្រទ្រង់សាលាផងដែរ មុនពេលជួបគ្រោះអគ្គិភ័យ។
ក្នុងនោះផងដែរ កញ្ញា ពេជ្រ ចរណៃ បានគូសបញ្ជាក់ថា “ទ្រព្យសម្បត្តិដែលបានបាត់បង់ក្នុងគ្រោះអគ្គិភ័យនេះអស់ចំនួនជាច្រើន ប៉ុន្តែកញ្ញាមានការតក់ស្លុត និងសោកស្តោយបំផុតចំពោះការបាត់បង់នូវសៀវភៅដែលជាស្នាដៃបន្សល់ទុកពីព្រឹទ្ធាចារ្យក្រមាមាសផ្ទាល់ជូនកញ្ញាផ្ទាល់ដៃ”៕