
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ មិថុនា ម្សិលមិញ បានប្រកាសបិទរមណីដ្ឋានក្បាលឆាយ ជាបណ្ដោះអាសន្ន ក្រោយជំនន់ទឹកភ្លៀង បានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបណ្តាលឲ្យបាត់ខ្លួនស្ត្រីម្នាក់។
ស្រ្តីម្នាក់ បានបាត់ខ្លួនកាលពីវេលាម៉ោង៤ទាបភ្លឺព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ហេតុការណ៍នេះ បន្ទាប់ពីមានការបាក់ដាច់ផ្លូវចូលទៅរមណីដ្ឋានក្បាលឆាយនេះ មានប្រវែង២០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ដែលបណ្តាលឲ្យម៉ូតូមួយគ្រឿង និង ស្ត្រីម្នាក់បានបាត់ខ្លួន។ មកទល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ រកឃើញម៉ូតូ ប៉ុន្តែស្ត្រីខាងលើ រកពុំទាន់ឃើញនៅឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចនិងអាជ្ញាធរ កំពុងបន្តស្វែងរកស្ត្រីរងគ្រោះ នៅឡើយ។
.jpg?1750669544)
ជំនន់ទឹកភ្លៀងនេះ ក្រោយពីមានភ្លៀងធ្លាក់ជាប់សូរជាច្រើនថ្ងៃ ទើបបណ្តាលឲ្យមានជំនន់ទឹកភ្លៀងជន់លិច ដោយសារចំនួនទឹកច្រើនហូរតាមអូរប្រឡាយ និងចាក់ចូលសមុទ្រ ពុំទាន់។ បើតាមក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ តាមការពិនិត្យអាកាសធាតុខេត្តព្រះសីហនុ ដោយទទួលឥទ្ធិពលខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាប បានធ្វើអោយភ្លៀងនៅតែបន្តធ្លាក់ទូទាំងខេត្តពីខ្សោយទៅមធ្យម៕

