Smart saver cctime web bannertif

កម្ពុជា បញ្ជាក់ជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា ហើយការឆ្លើយតបរបស់កងទ័ពកម្ពុជា មានវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃនេះថា កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ហើយកម្ពុជាច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទកម្ពុជា បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។

កងយោធពលខេមរភូមិន្ទកម្ពុជា បានបញ្ជាក់៤ចំនុចថា ១, កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសំដី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ ដែលខុសពីការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ។ ភាគីថៃគួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។

២, កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមានការបំពាន កម្ពុជាបានអនុញ្ញាតឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី។

៣, រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដី ខុសពីការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហានេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន។

៤, កងយោធពលខេមរភូមិន្ទកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង