
ភ្នំពេញ៖ ទាហានថៃចំនួន០៣នាក់ នៅថ្ងៃទី ២២ មិថុនានេះ បានលបលួចដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។ជាសកម្មភាព បំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ កំណត់។អ្នកជំនាញ បានហៅសកម្មភាពរបស់យោធាថៃនេះ គឺព្យាយាមបង្កហេតុ បង្កើតលេស ចង់បង្កើតភាពស្របច្បាប់។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកករណី «សកម្មភាពទាហានថៃ ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ គឺថៃបានញុះញង់បង្កហេតុ ចង់ឱ្យមានអំពើហិង្សា ហើយដាក់បន្ទុកលើកម្ពុជា ទី២ បង្កើតលេស ចូលកាន់កាប់ ប្រសិនបើភាគីកម្ពុជាធ្វេសប្រហែស ដូចករណីថ្ងៃ ១៥ កក្កដា ២០០៨ ថៃចូលតំបន់ប្រាសាទព្រះវិហារ និងទី៣ ចង់បង្កើតភាពស្របច្បាប់ លើការគ្រប់គ្រង និង អាស្រ័យផល។
បើតាមលោកបណ្ឌិត យង់ ពៅ ប៉ុន្តែកងកម្លាំងជួរមុខកម្ពុជា បានយល់ពីល្បិចកលនេះច្បាស់ និង មានភាពអត់ធ្មត់ដោះស្រាយ។តែទោះជាយ៉ាងណា លោកថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះហេតុការណ៍នេះ។
គួរបញ្ជាក់ថា ទាហានថៃចំនួន០៣នាក់ នៅថ្ងៃទី ២២ មិថុនានេះ បានលបលួចដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០ នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និង វិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ៕