Smart saver cctime web bannertif

ទាហានថៃបំពានកិច្ចព្រមព្រៀងដឹកនាំ«ក្រុមអ្នកជិះកង់»ជនជាតិថៃ១៥០នាក់ចូលប្រាសាទតាមាន់ធំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។កងយោធពលខេមរភូមិន្ទ បានចាត់ទុកជាសកម្មភាព បំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ កំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទ ចាប់ពីម៉ោង ៩:០០ព្រឹក និងបិទនៅម៉ោង៣:០០រសៀល។

យោងតាមកងយោធពលខេមរភូមិន្ទ កិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថា ប្រសិនបើមានករណីសុំពន្យារពេល ឬការរៀបចំពិសេសណាមួយ ភាគីទាំងពីរត្រូវតែជូនដំណឹង និង ឯកភាពគ្នាជាមុន ដើម្បីធានាបាននូវការសម្របសម្រួលដោយរលូន និងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើង។បន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះ កងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ យោគយល់ និង វិជ្ជាជីវៈខ្ពស់ ដោយបានរំឭកភាគីថៃឱ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយ។ ជាលទ្ធផល ក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះ ក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេ។

ជាថ្មីម្តងទៀត កងយោធពលខេមរភូមិន្ទកម្ពុជា ស្នើឱ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់។ការអនុលោមតាមកិច្ចព្រមព្រៀងនេះ មានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់ និង ការគោរពគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំដែលមិនចាំបាច់ និង ទប់ស្កាត់ឧប្បត្តិហេតុអកុសលទាំងឡាយ ជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញ។

ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ បញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងគ្រប់គ្រងស្ថានការណ៍នៅប្រាសាទតាមាន់ធំដោយសន្តិវិធី និង ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។ រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្ត គឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អ និងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង