Smart saver cctime web bannertif

ម៉ាឡេស៊ី គាំទ្រចំពោះកម្ពុជាដែលយកបញ្ហាព្រំដែនជាមួយថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានបញ្ជាក់ការគាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែលសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឲ្យ លោក Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោករដ្ឋមន្រ្តី និងប្រតិភូដែលបានអញ្ជើញមក ទស្សនកិច្ចនៅកម្ពុជា ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ហើយនិយាយដោយឡែកទាក់ទងទៅនឹងវិស័យទេសចរណ៍ វប្បធម៌ នៃប្រទេសទាំងពីរឱ្យមានភាពរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនេះផងដែរ សម្ដេចក៏បានជម្រាបប្រាប់ដល់លោករដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដែលបានអញ្ជើញមកដែរនោះ ដោយសម្ដេចបានស្នើឱ្យលោកនាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហា ព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះដោយសម្ដេចបានពន្យល់អំពីស្ថានភាព ពិតប្រាកដនៃការកើតឡើង នៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។

សម្ដេចក៏បានបញ្ជាក់ពីបញ្ហានៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាមដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចក៏បានលើកឡើងពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។

ជាការឆ្លើយតបលោករដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី បានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចទៅកាន់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយលោកក៏គាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង