Smart saver cctime web bannertif

បណ្តឹងផ្លូវការកម្ពុជាលើ«តំបន់ទាំង៤»បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)រួចរាល់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)"។

ភ្នំពេញ៖ បណ្តឹងផ្លូវការរបស់កម្ពុជា ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ នៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រីស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)រួចរាល់ហើយ កាលពីថ្ងៃទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ។

យោងតាមសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១៦ មិថុនានេះថា "ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ ស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)"

បើតាមសម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។សម្រាប់សម្តេច រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និង ការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

ជំហររបស់កម្ពុជា  គឺកម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ សម្ដេច ស្នើដល់បងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង