
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី ១៦ មិថុនានេះ បានអះអាងថា "យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ"។ការអះអាងនេះ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងការចោទរបស់យោធាថៃថា «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»។
ប្រមុខក្រសួងការពារជាតិកម្ពុជា ពន្យល់ថា នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលកម្ពុជាបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺទម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ។លោកចោទជាសំណួរថា ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា?
បើតាមលោក ទៀ សីហា ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និង ផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។កម្ពុជាត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ។