Smart saver cctime web bannertif

កម្ពុជាបដិសេធដាច់ខាតមិនទទួលស្គាល់ផែនទីរបស់ថៃគូសដោយឯកតោភាគីជាប្រភពនាំជម្លោះព្រំដែនរុំារៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ។ 

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី ១៥ មិថុនា បានបិទបញ្ចប់ជាផ្លូវការហើយ ក្រោយខកខានអស់រយៈពេលប្រជុំ១២ឆ្នាំ។ក្នុងកិច្ចប្រជុំនេះ កម្ពុជា និងថៃ បានឯកភាពគ្នាលើការងារចំនួន ៤ចំណុច ផ្តោតលើការងារបច្ចេកទេសបោះព្រំដែន ហើយកម្ពុជាបានបដិសេធដាច់ខាតមិនទទួលស្គាល់ផែនទីរបស់ថៃ ដែលគូសដោយឯកតោភាគី ហើយនាំជាប្រភពនាំជម្លោះព្រំដែនរុំារៃមកដល់ពេលបច្ចុប្បន្ន។

មិនដូចតាមការគ្រោងទុកនោះទេ កិច្ចប្រជុំ JBC រយៈពេល២ថ្ងៃ កម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ​និង ភាគី​ថៃដឹក​នាំ​ដោយ​ លោក​ Prasas Prasasvinitchai​ ប្រធាន​គណៈ​កម្មការ​ព្រំ​ដែន​ថៃ​ តាម​ក្រុម​អ្នក​សង្កេត​ការណ៍ គឺជាកិច្ចប្រជុំដោយមានភាពតានតឹងខ្លាំង និង មានការប្រុងប្រយ័ត្នខ្ពស់ ជាកិច្ចប្រជុំមិនអាចគ្រប់គ្រងពេលវេលាបាននោះទេ ដោយសារនៅ​មុន​កិច្ច​ប្រជុំ​ផ្លូវ​ការ​ ​ភាគី​ទាំង​ពីរ​បាន​បើក​កិច្ច​ប្រជុំ​ចង្អៀត​៥នាក់តទល់គ្នា នាំ​ឱ្យអូស​បន្លាយ​ពេល​វេលារហូតដល់២ថ្ងៃ ខុសពីផែនការតែបានគ្រោងទុក។

ជាកិច្ចប្រជុំដាច់បាយ និងគ្មានពេលសម្រាក ជាក់ស្តែងក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៥ម្សិលមិញ កិច្ចប្រជុំចង្អៀតចាប់ផ្តើមតាំងពីម៉ោង៩ ព្រឹក ចប់នៅម៉ោង២ រសៀល ហើយភាគី កម្ពុជា និងថៃ ចូលក្នុងកិច្ចប្រជុំផ្លូវការ ដើម្បីចុះហត្ថលេខាលើកំណត់ហេតុ៤ ចំណុច។កិច្ចប្រជុំបានបិទបញ្ចប់នៅម៉ោងប្រមាណ ២ និង ២០នាទី រសៀលថ្ងៃទី ១៥ មិថុនា ពោលគឺប្រជុំផ្លូវការប្រហែលជាង ១០នាទីប៉ុណ្ណោះ។

កំណត់ហេតុនៃកិច្ចប្រជុំ JBC ​គណៈ​កម្មការ​ព្រំ​ដែនកម្ពុជា និងថៃ ឯកភាពគ្នាលើការងារវាស់វែង និង បោះបង្គោលព្រំដែន លើតំបន់ឯកភាពគ្នា ដោយអនុវត្តតាមខ្សែទឹក មិនលើកយកបញ្ហាជម្លោះតំបន់ទាំង៤ មាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី មកជជែកនោះទេ ព្រោះកម្ពុជាសម្រេចដាក់បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចរាល់ហើយ។តាមប្រភពក្រៅផ្លូវការ ក្នុងកិច្ចប្រជុំនោះ ខាងភាគីថៃបានស្នើសុំឱ្យកម្ពុជាពិចារណា ចំពោះបណ្តឹងនេះ ហើយសុំដាក់ចូលក្នុងកិច្ចប្រជុំ តែត្រូវបានកម្ពុជាច្រានចោល។

ក្នុងកិច្ចប្រជុំ លោក ឡាំ ជា បានប្រាប់់ភាគីថៃពីការដំណើរការនៃការដាក់ពាក្យបណ្តឹងរបស់កម្ពុជា ទៅកាន់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើជម្លោះព្រំដែនចំនួន៤ទីតាំង ទោះបីថៃបដិសេធ និង បានប្រកាសជំហរនឹងមិនលើកយកប្រធានបទតំបន់ទាំង៤នេះ មកជជែកក្នុងកិច្ចប្រជុំលើកក្រោយទៀតទេ។ចំណែកក្រៅពីតំបន់ទាំង៤ កម្ពុជានៅតែប្រកាន់ជំហរ និង សុច្ឆន្ទៈ ក្នុងការបន្តកិច្ចសហការចរចា។

ជាមួយគ្នានោះ ភាគីកម្ពុជា បានប្រកាសបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ផែនទីដែលថៃបានគូសជា ឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលកម្ពុជាចាត់ទុកថា ជាប្រភពចម្បងនាំមកនូវជម្លោះដ៏រុំារៃ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន និង ទៅអនាគត។កម្ពុជាប្រកាន់យកផែនទីដែលបានឯកភាពគ្នាដូចមានចែងក្នុង MOU ឆ្នាំ២០០០ ជាប្រភេទផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមា និង បោះបង្គោលព្រំដែន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង