
ភ្នំពេញ៖ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអតីតអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនានេះ បានផ្ញើសារឲ្យប្រជាពលរដ្ឋខ្មែរ ដោយចាត់ទុកសម្តីរបស់មេយោធាថៃ Boonsin Padklang គួរត្រូវប្រឈមនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។
បើតាមលោក ផៃ ស៉ីផាន ICJ កាត់ក្តីនៅក្នុងរឿងវិវាទរវាងរដ្ឋ និងរដ្ឋ ក៏ប៉ុន្តែឧត្តមសេនីយ៍ថៃព្រៃផ្សៃរូបនោះ គួរត្រូវប្រឈមនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) អាស្រ័យហេតុដូច្នេះទាំងពាក្យសម្ដីញុះញង់នូវអំពើហិង្សា និងសកម្មភាពបង្កភាពហិង្សាព្រៃផ្សៃ ដែលមិនមែនជាកិច្ចចាំបាច់ នៃកិច្ចប្រតិបត្តិការយោធា គឺជាធាតុផ្សំ នៃការប្រឆាំង និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ដែលជាកិច្ចការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោកថា អាស្រ័យហេតុដូច្នេះ ត្រូវប្រមូលរាល់ភស្តុតាង ដើម្បីជាទម្ងន់នៃចំណាត់ការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។
គួរបញ្ជាក់ថា មេបញ្ជាការយោធភូមិភាគទី២ លោក Boonsin Padklang ត្រូវបានសារព័ត៌មានថៃ ស្រង់សម្តីដោយដោយថា ថៃនឹងមិនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះទេ ដោយសារបើភាគីម្ខាងមិនទទួលស្គាល់យុត្តាធិការរបស់ ICJ ទេ នោះតុលាការនឹងមិនសម្រេចឡើយ ហើយជំរុញឱ្យធ្វើសង្គ្រាម ដើម្បីបំពានកម្ពុជា។
