
ភ្នំពេញ៖ វេជ្ជបណ្ឌិតបីរូប និងពិធីការនីមួយរូបបានផ្តួចផ្តើមគម្រោង Mental Resilience ដើម្បីជួយពង្រឹងភាពធន់ខាងផ្លូវចិត្តរបស់យុវជនតាមរយៈការបង្កើននូវជំនាញភាពវៃឆ្លាតផ្នែកអារម្មណ៍ ដោយជឿជាក់ថានៅពេលដែលយុវជនមានភាពធន់នោះយុវជននឹងអាចឆ្លើយតបបញ្ហានានាក្នុងជីវិត និងទាញអារម្មណ៍មកធម្មតាវិញបានឆាប់រហ័សពីភាពតានតឹង។ គម្រោងនេះបានចាប់ផ្តើមតាំងពីខែឧសភា នឹងបន្តរហូតដល់ខែកញ្ញា។
លោកវេជ្ជបណ្ឌិត លឹម សេងឃួន ដែលជាសហស្ថាបនិកនៃស្ថានីយ៍អារម្មណ៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គម្រោង Mental Resilience ត្រូវបានសហការរៀបចំដោយ JCI Neak Poan និង ស្ថានីយ៍អារម្មណ៍។ គម្រោងនេះមានការសហការរៀបចំដោយសមាជិកស្នូល៤រូបសំខាន់ៗរួមមាន លោកវេជ្ជបណ្ឌិត លឹម សេងឃួន វេជ្ជបណ្ឌិត សៅ សូលីណែត មកពីស្ថានីយ៍អារម្មណ៍ សហការជាមួយ វេជ្ជបណ្ឌិត សោម ដូណា និង លោកស្រី លីហួយ មកពី JCI Neak Poan ព្រមទាំងនិស្សិតស្ម័គ្រចិត្ត២០នាក់ដែលមកពីសាកលវិទ្យាល័យនានា។
យោងតាម វេជ្ជបណ្ឌិត លឹម សេងឃួន តំណាងឱ្យក្រុមការងារគម្រោង Mental Resilience បានឱ្យដឹងបន្តទៀតថា មូលហេតុដែលក្រុមការងារជ្រើសរើសបង្កើតគម្រោងនេះឡើងដោយសារតែ បានសង្កេតឃើញថាបច្ចុប្បន្ន យុវជនច្រើនកំពុងប្រឈមមុខនឹងការលំបាកក្នុងការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ភាពតានតឹង ឬស្ទើរតែមិនអាចដោះស្រាយបញ្ហាផ្លូវចិត្តបាន នៅពេលដែលពួកគេទទួលរងនូវសម្ពាធ Stress ពីមជ្ឈដ្ឋានជុំវិញខ្លួន រួមទាំង ការសិក្សា ការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។ លោកបានបន្តទៀតថា “បញ្ហាផ្លូវចិត្តគឺមិនមែនជាអ្វីដែលគេឃើញភ្លាមៗតាមតាមរយៈភ្នែកទេ ដូច្នេះវាប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃ បើយើងមិនបានកត់សម្គាល់ឃើញឱ្យបានលឿននោះទេ។”
វេជបណ្ឌិតរូបនេះបានគូសបញ្ជាក់ថា បញ្ហាមួយចំនួនដែលយុវជនកំពុងតែប្រឈមរួមមាន ការរងសម្ពាធផ្លូវចិត្តពីក្រុមគ្រួសារមកលើលទ្ធផលសិក្សា ការមានជីវភាពខ្វះខាតនិងអំពើហិង្សា ការប្រើប្រាស់បណ្តាញសង្គមលើសកម្រិតដែលបណ្តាលឱ្យមានការគិតច្រើនប្រៀបធៀបនឹងជីវិតអ្នកដទៃ ការមានភាពអៀនខ្មាសក្នុងការស្នើជំនួយផ្លូវចិត្ត និងការមិនមានអ្នកស្តាប់ពីអារម្មណ៍និងបញ្ហាដែលខ្លួនកំពុងជួបប្រទះ។
ដើម្បីអភិវឌ្ឍភាពធន់ខាងផ្លូវចិត្តដល់ចំណោមយុវជនកម្ពុជាដែលមានអាយុពី 18-30 ឆ្នាំ នៅកម្ពុជា គម្រោងនេះ រៀបចំជាសិក្ខាសាលាដោយផ្ទាល់ និងសិក្ខាសាលាអនឡាញ ចាប់ពីខែឧសភា រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ដោយផ្តោតលើប្រធានបទមួយចំនួនរួមមាន ការស្គាល់ខ្លួនឯង ការកំណត់គោលការណ៍សម្រាប់ខ្លួនឯង ការលើកទឹកចិត្ត ការយល់ចិត្ត និងជំនាញសង្គម។ ជំនាញទាំងនេះ នឹងអនុញ្ញាតឱ្យយុវជនក្នុងការកសាងភាពធន់នៃផ្លូវចិត្ត គ្រប់គ្រងភាពតានតឹង និងរុករកបញ្ហាប្រឈមនានាក្នុងជីវិតបន្ទាប់មកដោះស្រាយ។ អ្វីដែលពិសេស គម្រោងនេះនឹងរៀបចំជាវេទិកាសាធារណៈមួយនៅខែកញ្ញាដែលយុវជនអាចជួបអ្នកជំនាញ និងមានឱកាសក្នុងការបន្លឺសម្លេងរបស់ពួកគេក្នុងវេទិកាមួយនេះ។ យុវជនដែលមានបំណងចង់ចូលរួមគម្រោងនេះ អាចចូលទៅកាន់គេហទំព័រ
ជាចុងក្រោយ វេជ្ជបណ្ឌិតរូបនេះ បានលើកឡើងថា ដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់យុវជនឱ្យបានល្អប្រសើរ ពួកគេគួរតែពង្រឹងផ្លូវចិត្តខ្លួនឯងដោយស្គាល់ និងទទួលស្គាល់អារម្មណ៍ពិតរបស់ខ្លួន មិនថាជាអារម្មណ៍វិជ្ជមាន ឬអវិជ្ជមានឡើយ ហើយហ៊ានប្រឈមមុខដោះស្រាយជាមួយវា។ យុវជនក៏គួរសូមការគាំទ្រពីគ្រួសារ មិត្តភក្តិ គ្រូ ឬអ្នកជំនាញផ្លូវចិត្ត ប្រសិនបើចាំបាច់ ព្រមទាំងចូលរួមសកម្មភាពសង្គមដែលជំរុញអារម្មណ៍វិជ្ជមាន។ ការថែរក្សាសុខភាពផ្លូវកាយ ដូចជាការហាត់ប្រាណ ការញ៉ាំអាហារមានប្រយោជន៍ និងការគេងគ្រប់គ្រាន់ ក៏ជាកត្តាសំខាន់ដែលជួយដល់សុខភាពផ្លូវចិត្តផងដែរ។ បន្ថែមពីនេះ យុវជនគួរប្រើប្រាស់បណ្ដាញសង្គមដោយមានដែនកំណត់ ជៀសវាងការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ និងអភិវឌ្ឍជំនាញគ្រប់គ្រងអារម្មណ៍ ដើម្បីចៀសវាងបញ្ហានាពេលក្រោយ៕