
ភ្នំពេញ៖ បើតាមការចុះផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ កម្ពុជា នឹងរងនូវឥទ្ធិពល«ព្យុះទី១» ឈ្មោះ «វូតទីព» (Wutip)។ ស្ថានភាពបែបនេះ នឹងធ្វើឪ្យកម្ពុជាផ្ទៃមេឃមាន ពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។
សម្ពាធទាប ដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១ ឈ្មោះ វូតទីព (Wutip) ក្នុងឆ្នាំ២០២៥ T2501 បានមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសក្នុងប្រទេសកម្ពុជា ផ្ទៃមេឃមាន ពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.៧៥ម៉ែត្រ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ក្រសួង បានឪ្យប្រជាពលរដ្ឋតាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក៕