Smart saver cctime web bannertif

កម្ពុជា-បារាំង រៀបចំផែនទីបង្ហាញផ្លូវ ពង្រឹងទំនាក់ទំនង«ដៃគូយុទ្ធសាស្ត្រ» នៃប្រទេសទាំងពីរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

នីស៖ កម្ពុជា និងបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានពិភាក្សារៀបចំផែនទីបង្ហាញផ្លូវ (Roadmap) ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា«ដៃគូយុទ្ធសាស្ត្រ» ក្នុងការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម ដោយលោកប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់នាឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានពិភាក្សារៀបចំផែនទីបង្ហាញផ្លូវ (Roadmap) ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា«ដៃគូយុទ្ធសាស្ត្រ»។ ការធ្វើឡើងនេះ កំឡុងពេលសម្តេចចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានបង្ហាញនូវគោលជំហរក្នុងការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតីបារាំង ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ហើយសម្តេច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។ ជាការឆ្លើយតប លោក ប្រធានាធិបតីបារាំង នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

គួរបញ្ជាក់ថា លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបន្ត និងពង្រឹងកិច្ចសហការនៃប្រទេសទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង