
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ មិថុនា មានជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅក្រុងនីស ប្រទេសបារាំង។ជាជំនួបដែលធ្វើឡើងក្នុងពេលកម្ពុជា និងប្រទេសថៃ កំពុងមានបញ្ហាព្រំដែនជាមួយគ្នាដែលជាព្រំដែនបន្សល់ទុកដោយប្រទេសបារាំង។កាលនេះ អ្នកជំនាញថា ជាឱកាសលើពីបញ្ហាព្រំដែនកម្ពុជា-ថៃ។
ក្នុងពេលចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយប្រមុខមេដឹកនាំពិភពលោកជាច្រើន ហើយម្សិលមិញនេះ សម្តេចជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន ម៉ណែត បានថ្លែងចាត់ទុកប្រទេសបារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសទាំងពីរកំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។
សម្តេច ហ៊ុន ម៉ាណែត បានអរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ហើយសម្តេចនឹងរង់ចាំស្វាគមន៍វត្តមានរបស់ឯកឧត្តម ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះ។
ជំនួបរបស់សម្តេច ហ៊ុន ម៉ាណែត ជាមួយ ម៉ាក្រុង គឺធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា និង ថៃ កំពុងមានបញ្ហាព្រំដែនជាមួយគ្នាសារជាថ្មី ក្រោយកងទ័ពថៃលបលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី នាំឱ្យកងទ័ពកម្ពុជាម្នាក់ពលីជីវិត។កម្ពុជាបានសម្រេចយកតំបន់ចំនួន៤ មានតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលកំពុងនាំឱ្យថៃភ័យបារម្ភ ហើយដាក់សម្ពាធមកលើកម្ពុជា។
បណ្ឌិត យង់ ពៅ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយកម្ពុជា បានថ្លែងចាត់ទុកជំនួបរវាងមេដឹកនាំកម្ពុជា និងបារាំង គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជាលើកយកបញ្ហាព្រំដែន កម្ពុជា-ថៃ ប្រាប់បារាំងព្រោះថា បារាំងគឺជាអ្នករៀបចំបន្សល់ទុកព្រំដែននេះ ហើយជាឱកាសដែលកម្ពុជា បង្ហាញពីជំហរចង់បានដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ៕