
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី នៅថ្ងៃទី ១០ មិថុនានេះ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរៀបចំរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ JBC ខាងមុខនេះ ដែលត្រូវប្រព្រឹត្តិទៅក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក ហើយក្នុងករណីចាំបាច់កម្ពុជានឹងយកយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។
លោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាប់ ពីការបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។
បើតាមលោក ជុំ សុន្ទរី រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។កម្ពុជាបានត្រៀមរៀបចំរួចជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ JBC ខាងមុខនេះ ដែលត្រូវប្រព្រឹត្តិទៅក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក។
តែយ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ការដាក់សម្ពាធក្រោមរូបភាពណាក៏ដោយ វាមិនធ្វើអោយកម្ពុជាផ្លាស់ប្តូរជំហរជាគោលការណ៍ ដូចបានលើកឡើងខាងលើនោះឡើយ ផ្ទុយទៅវិញវាគ្រាន់តែធ្វើអោយភាពតានតឹងកើនឡើងប៉ុណ្ណោះ។
ជាការកត់សម្គាល់ ការអះអាងរបស់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា គឺធ្វើឡើងក្រោយពីនៅរយៈពេលចុងក្រោយនេះ គេឃើញបណ្តាញផ្សព្វផ្សាយថៃ បានព្យាយាមផ្សាយព័ត៌មានមិនពិត អុជអាល វាយប្រហារក្តៅផង ព្រមានផង ដើម្បីដាក់សម្ពាធមកលើកម្ពុជា ដោយគ្មានមូលដ្ឋាន ក្នុងចេតនាមិនហ៊ានប្រឈមមុខនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ៕