
ភ្នំពេញ៖ យុវជន សុខន បញ្ញារ័ត្ន ជាសិស្សថ្នាក់ទី១២ ដែលនឹងប្រលងមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២៥នេះ។ ថ្វីត្បិតតែកំពុងសិក្សានៅថ្នាក់ទី១២ យុវជនរូបនេះ មិនអែអង់ក្នុងការចាប់យកឱកាសដើម្បីអភិវឌ្ឍសមត្ថភាពនោះឡើយ ថែមទាំងបានដាក់ពាក្យអាហារូបករណ៍ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ក្នុងកម្មវិធីមួយឈ្មោះថា Youth Congress ដែលជាកម្មវិធីមួយផ្តល់ឱកាសដល់យុវជនមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកបង្ហាញនូវគំនិត និងពិភាក្សាពីបញ្ហាដែលកំពុងកើតឡើងទូទាំងសកលលោក។

យុវជន សុខន បញ្ញារ័ត្ន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ ថា កត្តាដែល បញ្ញារ័ត្ន ចូលចិត្តចូលរួមកម្មវិធីក្រៅថ្នាក់រៀនរួមមានការងារស្ម័គ្រចិត្ត ការផ្លាស់ប្តូរការសិក្សា ការប្រកួតប្រជែង កម្មវិធីសប្បុរសធម៌នានា ដោយសារតែចូលចិត្តចូលរួមកម្មវិធីដែលពាក់ព័ន្ធនឹងវប្បធម៌ និងប្រវត្តិសាស្រ្តទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដែលអនុញ្ញាតឱ្យខ្លួនបានបញ្ចេញនូវវោហាសព្វនៅលើឆាកអន្តរជាតិ និងបង្កើនទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន។ បញ្ញារ័ត្ន យល់ឃើញថា ការចូលរួមកម្មវិធីទាំងនេះជួយឱ្យយុវជនទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមានផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួន ផ្តល់ឱកាសឱ្យស្វែងយល់អ្វីដែលមិនធ្លាប់បានដឹងពីមុន និងទទួលបានវេទិកាដែលបញ្ចេញនូវសម្លេង និងទស្សនៈរបស់យុវជនពាក់ព័ន្ធនឹងប្រធានបទដែលបានលើកឡើងក្នុងកម្មវិធីនីមួយៗ។

ផ្តើមពីយុវជនមួយរូបដែលចូលចិត្តចាប់យកឱកាសដើម្បីបញ្ចេញសមត្ថភាព និងសិក្សា បញ្ញារ័ត្ន បានដឹងពីឱកាសអាហារូបករណ៍ទៅផ្លាស់ប្តូរការសិក្សានៅកាណាដានេះតាមរយៈគេហទំព័រផ្លូវការ Voice For Rights International ហើយបានដាក់ពាក្យនិងឆ្លងកាត់ដំណាក់កាលនានា ទម្រាំបានក្លាយជាប្រតិភូផ្លូវការ។ ក្នុងនាមជាយុវជនកម្ពុជាមួយរូប បញ្ញារ័ត្ន បានបង្ហាញមោទកភាពដែលមានឱកាសក្នុងការចូលរួមកម្មវិធីអន្តរជាតិដែលមានការចូលរួមពីប្រតិភូយុវជនចំនួន៦០រូបផ្សេងទៀតមកពីបណ្តាប្រទេសនានា កាលពីថ្ងៃទី២៣ ឧសភា ដល់ថ្ងៃទី ២៧ ឧសភា ឆ្នាំ២០២៥ នៅប្រទេសកាណាដា។ អំឡុងពេលកម្មវិធី ប្រតិភូទាំងអស់បានសិក្សាពីឥទ្ធិពលអវិជ្ជមាននៃការប្រើប្រាស់គ្រឿងញៀនមកលើសុវត្ថិភាពសង្គម និងបញ្ហាប្រឈមដែលប្រទេសនានាកំពុងជួបប្រទះពាក់ព័ន្ធនឹងបញ្ហានេះ។

បន្ថែមពីនេះ យុវជន បញ្ញារ័ត្ន បានគូសបញ្ជាក់ថា ដើម្បីអាចក្លាយជាប្រតិភូយុវជនចូលរួមកម្មវិធីនេះនៅកាណាដា ត្រូវឆ្លងកាត់ពីរដំណាក់កាលធំៗ៖ ទី១ ត្រូវបំពេញពាក្យតាមអនឡាញ ដែលឆ្លើយសំណួរពាក់ព័ន្ធនឹងកម្មវិធី និងភាពលេចធ្លោផ្ទាល់ខ្លួនដែលសាកសមនឹងត្រូវបានជ្រើសរើសសមស្របតាមលក្ខខណ្ឌកម្មវិធី ព្រមទាំងភ្ជាប់ជាមួយនឹងឯកសារនានាដូចជាប្រវត្តិរូបសង្ខេបជាដើម។ ចំណែកឯ ដំណាក់កាលទី២ បេក្ខជនត្រូវឆ្លងកាត់វគ្គសម្ភាស ដោយគណៈរៀបចំកម្មវិធី ដែលមានសំណួរពិបាកជាច្រើន ដើម្បីអាចស្វែងរកចំណុចពិសេសនៃបេក្ខជនដែលសាកសមនឹងកម្មវិធីមួយនេះ ដោយសម្លឹងមើលពី សក្តានុពលនៃយុវជន ឆន្ទៈនៃការចូលរួម ការខិតខំប្រឹងប្រែង ព្រមទាំងចម្រាញ់យកយុវជនដែលឆ្នើមក្នុងចំណោមយុវជនដែលមកសម្ភាសផ្សេងទៀត។ ក្នុងករណី បេក្ខជនបានជាប់វគ្គសម្ភាស កម្មវិធីនឹងប្រកាសនូវលទ្ធផលភាគរយនៃអាហារូបករណ៍ដែលសិស្សអាចទទួលបាន ក្នុងការចូលរួមតំណាងកម្ពុជាទៅកាណាដា។

ជាចុងក្រោយ បញ្ញារ័ត្ន បានចែករំលែកគន្លឹះសម្រាប់សិស្សមានបំណងក្នុងការដាក់ពាក្យចូលរួមផ្លាស់ប្តូរការសិក្សាថា ការដាក់ពាក្យផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស វាមិនមែនជារឿងដែលស្រួលនោះទេ គឺតម្រូវឱ្យសិស្សយកចិត្តទុកដាក់គ្រប់ជំហាននៃការដាក់ពាក្យឱ្យបានហ្មត់ចត់ និងមានភាពអត់ធ្មត់ក្នុងការបំពេញនូវលក្ខខណ្ឌដែលកម្មវិធីត្រូវការ។ ជាពិសេស យុវជនរូបនេះបានសង្កត់ធ្ងន់ថា ត្រូវតែជឿជាក់លើខ្លួនឯងជាមុនសិន បន្ទាប់មកព្យាយាមស្វែងយល់ពីកម្មវិធីឱ្យបានច្បាស់ដើម្បីអាចសរសេរដាក់ពាក្យបានល្អ និងឆ្លើយសំណួរបានលម្អិត និងចាកឆ្ងាយពីកម្មវិធីដែលខ្លួនដាក់ពាក្យពេក។ បញ្ញារ័ត្ន បានរៀបរាប់បន្តទៀតថា កម្រណាស់ដែលដាក់ម្តងហើយជាប់ ដូចនេះ សិស្សគួរតែយកបទពិសោធន៍នៃការធ្លាក់ទាំងនោះមកធ្វើជាមេរៀន និងព្យាយាមដាក់បន្តទៀត តួយ៉ាងដូចលោកផ្ទាល់ ដាក់ពាក្យច្រើនណាស់ ទម្រាំមានឱកាសបានអាហារូបករណ៍ពេញលេញចូលរួមនៅកម្មវិធី Youth Congress នៅប្រទេសកាណាដា លើឆាកអន្តរជាតិ៕
