ម៉ាឡេស៊ី៖ មានយ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រថយន្តដឹកនិស្សិតបានបុកគ្នាជាមួយឡានទេសចរមួយគ្រឿងនៅភាគខាងជើងប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃចន្ទ។ ជនរងគ្រោះ១៣នាក់បានស្លាប់នៅកន្លែងកើតហេតុក្បែរព្រំដែនប្រទេសថៃ លើផ្លូវហាយវេ East-West ហើយពីរនាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយក្នុងនោះមានមនុស្សសាមសិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Perak បានគូសបញ្ជាក់ថារថយន្តក្រុងបានក្រឡាប់ ហើយរថយន្តទេសចរខ្នាតតូច Minivan បានធ្លាក់ចូលទៅក្នុងប្រឡាយ។សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ជនរងគ្រោះខ្លះអាចចេញបានដោយខ្លួនឯង ជនរងគ្រោះខ្លះត្រូវបានគេជួយយកចេញ និងមួយចំនួនទៀតជាប់ក្នុងឡានក្រុង»។ ភ្លាមៗក្រោយកើតហេតុអាជ្ញាធរជំនាញម៉ាឡេស៊ីបានបើកការស៊ើបអង្កេតស្វែងរកមូលហេតុនៃការបុកគ្នា៕