.jpg?1749455453)
សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយដេប៉ាតេម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុង តំណាងដោយលោកស្រី Sharon Wong បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ដែលមានរយៈពេល៦ខែ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។គោលបំណងនៃការរៀបចំពិព័រណ៍ស្តីនេះ ដើម្បីបង្ហាញនូវទស្សនៈថ្មីអំពីកេរ្តិ៍ដំណែលអង្គរ ក្រោមការស្វែងយល់ ការច្នៃប្រតិដ្ឋ និងទំនាក់ទំនងផ្នែកវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។

ពិធីបើកជាផ្លូវការ ពិព័រណ៍ខាងលើនេះ បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ឡុង កុសល អគ្គនាយករង តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានការចូលរួមជាកិត្តិយសពីសំណាក់លោក លូ ឈីជឺ (LU Qizhi) អគ្គកុងស៊ុលនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា។
.jpg?1749455486)
គោលបំណងនៃការរៀបចំពិព័រណ៍ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ដើម្បីបង្ហាញពីឧស្សាហកម្មផលិតកុលាលភាជន៍ក្នុងសម័យអង្គរ និងទំនាក់ទំនងជាមួយចិនលើវិស័យនេះ។ ជាពិសេសគឺបង្ហាញនូវ ទស្សនៈថ្មីអំពីកេរ្តិ៍ដំណែលអង្គរ ក្រោមការស្វែងយល់ ការច្នៃប្រតិដ្ឋ និងទំនាក់ទំនងផ្នែកវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន។
.jpg?1749455495)
ពិព័រណ៍ខាងលើចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទេសចរជាតិនិងអន្តរជាតិអាចចូលទស្សនា និងសិក្សាស្វែងយល់អំពីពិព័រណ៍នេះ ក៏ដូចជា ទស្សនានូវវត្ថុសិល្បៈយ៉ាងសម្បូរបែបផ្សេងទៀត ដែលទទួលបានអំពីកំណាយស្រាវជ្រាវ ជួសជុល អភិរក្ស និងថែរក្សាទុកនៅក្នុងសារមន្ទីរ៕
