Smart saver cctime web bannertif

ពីបារាំងសម្តេច ហ៊ុន ម៉ាណែត ឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរដ្ឋាភិបាល

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ភ្នំពេញ៖ពីទីក្រុងនីស ប្រទេសបារាំង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងចូលរួមសន្និសីទអន្តរជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ (UNOC3) បានស្នើសុំឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់ និង សូមជឿទុកចិត្តលើរាជរដ្ឋាភិបាល និង កងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និង ឧត្តមប្រយោជន៍ជាតិខ្មែរ។ការថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងក្រោយពីបណ្តាញផ្សព្វផ្សាយថៃ បានបំភ្លៃថា កម្ពុជាសម្រេចដកកងទ័ពពីតំបន់ផ្ទុះអាវុធ តាមការស្នើសុំរបស់ថៃ។

ដោយថ្លែងបន្ថែមលើសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និង ច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។

បើតាមសម្តេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ ហើយអំពាវនាវអោយបណ្តាសារព័ត៌មាន និង ប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និង សូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ ជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និង នាំអោយបំប៉ោងសភាពការណ៏លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

 ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ៩ មិថុនានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា កម្ពុជាពុំមានការដកកងទ័ពចេញពីតំបន់ដែលស្ថិតក្នុងដែលអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង និង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា និង ក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីកម្ពុជាតែប៉ុណ្ណោះ ហើយកងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។

បើតាមក្រសួងបានសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាត្រៀមខ្លួនក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ ដើម្បីបន្តកិច្ចការវាស់វែងព្រំដែន និង បោះបង្គោល ក្រៅពីចំណុចនេះដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

គួរបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ភាគី​ទាំងពីរ​បាន​យល់​ព្រមរួមគ្នាកែសម្រួល​កងកម្លាំង​យោធានៅចំណុច​ដែល​មាន​ការប៉ះ​ទង្គិច ដើម្បី​កាត់​បន្ថយ​ភាពតាន​តឹង ហើយ​​នឹងពង្រឹង​កិច្ចសហប្រតិបត្តិការតាម​រយៈ​យន្តការ​របស់ JBC នៅ​ថ្ងៃទី១៤ ខែ​មិថុនា។ ការ​ពិភាក្សា​នៅ​គ្រប់​កម្រិតនឹងបន្ត ដើម្បីធ្វើឱ្យទំនាក់ទំនង​រវាងប្រទេសទាំង​ពីរត្រឡប់​ទៅ​សភាពធម្មតា​វិញយ៉ាងឆាប់​រហ័ស៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង