Smart saver cctime web bannertif

ក្រសួងការពារជាតិកម្ពុជា៖កងទ័ពកម្ពុជា«ពុំមានការដក»នៅតំបន់ដែនអធិបតេយ្យកម្ពុជានោះទេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ៩ មិថុនានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា កម្ពុជាពុំមានការដកកងទ័ពចេញពីតំបន់ដែលស្ថិតក្នុងដែលអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង និង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា និង ក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីកម្ពុជាតែប៉ុណ្ណោះ ហើយកងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។

បើតាមក្រសួងបានសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាត្រៀមខ្លួនក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ ដើម្បីបន្តកិច្ចការវាស់វែងព្រំដែន និង បោះបង្គោល ក្រៅពីចំណុចនេះដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

គួរបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ភាគី​ទាំងពីរ​បាន​យល់​ព្រមរួមគ្នាកែសម្រួល​កងកម្លាំង​យោធានៅចំណុច​ដែល​មាន​ការប៉ះ​ទង្គិច ដើម្បី​កាត់​បន្ថយ​ភាពតាន​តឹង ហើយ​​នឹងពង្រឹង​កិច្ចសហប្រតិបត្តិការតាម​រយៈ​យន្តការ​របស់ JBC នៅ​ថ្ងៃទី១៤ ខែ​មិថុនា។ ការ​ពិភាក្សា​នៅ​គ្រប់​កម្រិតនឹងបន្ត ដើម្បីធ្វើឱ្យទំនាក់ទំនង​រវាងប្រទេសទាំង​ពីរត្រឡប់​ទៅ​សភាពធម្មតា​វិញយ៉ាងឆាប់​រហ័ស៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង