
ភ្នំពេញ៖មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ៦ មិថុនានេះ បានប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ។សម្រាប់ក្រសួង ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា កើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធ នេះ បាន បណ្តាល ឱ្យទាហាន ខ្មែរ ម្នាក់បាត់បង់ជីវិត។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងចាត់ទុក ការវាយប្រហារនេះ បានបំពានទៅលើ អធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់។
តែយ៉ាងណាក្តី មន្ត្រីអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕