
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមិថុនា បានជួបពិភាក្សាជាមួយ លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។ លទ្ធផលនៃជំនួបប្រមុខការពារជាតិកម្ពុជា-ថៃ ឯកភាពកាត់បន្ថយភាពតានតឹងតាមព្រំដែន ហើយកម្ពុជាបញ្ជាក់ពីការមិនដកកងទ័ពចេញពីតំបន់មុំបីកន្លែងផ្ទុះអាវុធថ្ងៃទី ២៨ ឧសភា តាមការស្នើសុំពីភាគីថៃ។
យោងតាមក្រសួងការពារជាតិកម្ពុជា តាមលទ្ធផលនៃកិច្ចពិភាក្សា ភាគី កម្ពុជា-ថៃ បានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។
បើតាមក្រសួង ភាគីថៃ ស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នា កាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និង ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។
ក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា ដរាបណាភាគីថៃនៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នឹងមិនអាចរកចំណុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។
ក្រសួងសង្កត់ធ្ងន់ថា កម្ពុជាមានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និង តំកល់ប្រយោជន៍ប្រជាជនទាំងសងខាងជាធំ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំណុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀតនាថ្ងៃខាងមុខ៕