681 ezgif.com resize
Swift cc time

សម្ដេច ហ៊ុន ម៉ាណែត នឹងចូលរួមសន្និសីទរបស់UN ស្ដីពីមហាសមុទ្រ លើកទី៣ នៅបារាំង

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទ អ.ស.ប. ស្ដីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការ អ.ស.ប.។

ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេច ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។

សន្និសីទនេះនឹងធ្វើឡើងក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សា ទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្ដេច ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ ការចូលរួមរបស់កម្ពុជា បញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹក)៕

Khcct banner

អត្ថបទទាក់ទង