681 ezgif.com resize
Swift cc time

ប្រធានាធិបតីចិន និង អាម៉េរិក តេទូរស័ព្ទរកគ្នា ដើម្បីចរចារកដំណោះស្រាយ«ជម្លោះពាណិជ្ជកម្ម»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ចិន៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និង លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី ៥ មិថុនា ម្សិលមិញ បានតេទូរស័ព្ទរកគ្នា ដើម្បីជជែកដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មអន្តរជាតិ។ការជួបជជែកគ្នារបស់មេដឹកនាំមហាអំណាចនេះ ត្រូវបានចាត់ទុកថា គឺជារឿងល្អបំផុតសម្រាប់ប្រទេសចិន និង អាម៉េរិក។

យោងតាមបណ្តាញផ្សព្វផ្សាយចិន ក្នុងជំនួបនោះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានគូសបញ្ជាក់ក្នុងកិច្ចសន្ទនាថា ដើម្បីឲ្យទំនាក់ទំនងរវាងចិន និងអាម៉េរិកដើរទៅមុខបានល្អ ប្រទេសទាំងពីរត្រូវតែរួមគ្នាដឹកនាំ និង ទៅតាមផ្លូវត្រូវ។ លោកបន្តថា រឿងសំខាន់ គឺត្រូវចៀសឲ្យផុតពីបញ្ហាផ្សេងៗដែលបង្កការរំខានដល់ទំនាក់ទំនងប្រទេសទាំងពីរ។

លោក ស៊ី ជិនពីង បានកត់សម្គាល់ថា តាមសំណើរបស់អាម៉េរិក ដោយឱ្យមន្ត្រីធំៗនៃប្រទេសទាំងពីរ ជួបប្រជុំគ្នាពីបញ្ហាសេដ្ឋកិច្ច និង ពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ កន្លងទៅនេះ ជាជំហានដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាដោយការនិយាយគ្នា ហើយទាំងប្រជាជន និង បណ្ដាប្រទេសនានានៅលើពិភពលោកក៏សប្បាយចិត្តនឹងរឿងនេះដែរ។ លោកបានជំរុញឲ្យភាគីទាំងពីរត្រូវអនុវត្តតាមកិច្ចព្រមព្រៀងដែលបានធ្វើនៅទីក្រុងហ្សឺណែវ។

លោក ស៊ី ជិនពីង បានស្នើឲ្យភាគីអាម៉េរិក ទទួលស្គាល់នូវអ្វីដែលចិនបានធ្វើរួចហើយ ហើយគួរតែលុបចោលនូវចំណាត់ការមិនល្អ ដែលបានដាក់លើប្រទេសចិន និង ប្រើប្រាស់កិច្ចប្រជុំពិភាក្សាពីរឿងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានស្រាប់ឲ្យបានល្អ ដើម្បីទទួលបានផលប្រយោជន៍ដូចគ្នា ដោយគោរពគ្នា និងយល់ពីគ្នា។

ក្នុងជំនួបនោះ លោកត្រាំ បានអញ្ជើញលោក ស៊ី ទៅទស្សនកិច្ចនៅអាម៉េរិក តែមិនទាន់កំណត់ពេលវេលា។លោកត្រាំតាមបណ្តាញសង្គម ចាត់ទុកការជជែកជាមួយ លោក ស៊ី គឺទទួលបានផ្លែផ្កាល្អ នៃទំនាក់ទំនងអាម៉េរិក និងចិន។នេះបើយោងតាមការចុះផ្សាយពី BBC។

ការជួបសន្ទនារវាងមេដឹកនាំមហាអំណាចចិន និង អាម៉េរិក គឺធ្វើឡើងក្រោយពីសង្គ្រាមពាណិជ្ជកម្មនៃប្រទេសទាំងពីរបានផ្ទុះឡើង ដោយអាម៉េរិកដំឡើងពន្ធគយលើចិនប្រមាណ ១៤៥% ខណៈចិនដំឡើងពន្ធតបតអាម៉េរិកវិញ។

តែក្រោយចរចារវាងអាម៉េរិក និង ចិន នៅទីក្រុងហ្សឺណែវ ការដំឡើងពន្ធនេះ បានទម្លាក់ចុះមកវិញ ហើយភាគីទាំងពីរ បានប្តេជ្ញាចរចាដោះស្រាយ ដើម្បីឈានទៅបញ្ចប់ជម្លោះពាណិជ្ជកម្មអន្តរជាតិនេះ។ហើយទាំងអាម៉េរិក និង មេដឹកនាំចិនសុទ្ធតែគាំទ្រចំពោះលទ្ធផលចរចានៅ ទីក្រុងហ្សឺណែវ៕

Khcct banner

អត្ថបទទាក់ទង