681 ezgif.com resize
Swift cc time

ទិវាបរិស្ថានពិភពលោក៖ កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍ បន្ទាប់ពីទទួលបានព្រះរាជសារដ៏ឧត្តុង្គឧត្តម និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) » នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងទិវាបរិស្ថានពិភពលោក ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យបន្លឺព្រះរាជឱវាទ និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត ស្តីពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន ដើម្បីភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាឫសគល់នៃវប្បធម៌ខ្មែរតាំងពីបុរាណ។ ការរស់នៅដោយមានការគោរពចំពោះធម្មជាតិ មិនបំផ្លាញធម្មជាតិ និងប្រើប្រាស់ធនធានប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលត្រូវបន្តដល់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ ព្រះអង្គទ្រង់បានរំឭកពីព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានផ្តួចផ្តើមបង្កើតតំបន់ការពារធម្មជាតិ។

យោងតាមគេហទំព័រក្រសួងបរិស្ថាន បានឱ្យដឹងថា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាមសំណល់ប្លាស្ទិក ដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ពីការបំពុលដោយមីក្រូប្លាស្ទិក និងណាណូប្លាស្ទិក ដែលសំយោគចេញពីសំណល់ប្លាស្ទិកដោយការដុត ឬការទុកដាក់មិនត្រឹមត្រូវ។ លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រោមការចង្អុលបង្ហាញពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យុទ្ធសាស្ត្រនេះមានសសរស្តម្ភ ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបាននូវសុខដុមរមនារវាងមនុស្ស និងបរិស្ថាន។

ឆ្លើយតបនឹងភាពស្អាតលើអាកាស ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងបានបំពាក់ស្ថានីយ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន ៥៦ កន្លែងទូទាំងប្រទេស។ ចំពោះភាពស្អាតលើដីវិញ គឺមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកដល់ទៅ ៨៨%។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានកំពុងសិក្សាប្រែក្លាយទីលានចាក់សំរាមចំនួន ២០៦ កន្លែង ឱ្យក្លាយជាទីលានទុកដាក់មានសុវត្ថិភាព។ ចំណែក ភាពស្អាតក្នុងទឹក ក្រសួងបរិស្ថានក៏បានធ្វើសកម្មភាពជាចម្បងការកាត់បន្ថយការបំពុលទឹក ជាពិសេសនៅបឹងទន្លេសាប និងទន្លេមេគង្គ ព្រមទាំងជំរុញឱ្យរោងចក្រមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

លើសពីភាពស្អាត ភាពបៃតង ក៏ជាកត្តាចាំបាច់ជួយឱ្យកម្ពុជាបានចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសកលឆ្លើយតបការប្រែប្រួលអាកាសធាតុ តាមរយៈការប្តេជ្ញាចិត្តទប់ស្កាត់ការកើនឡើងកម្តៅផែនដី ១.៥អង្សារសេ និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់សមស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថានបានរៀបចំឱ្យមានថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីផលិតកូនឈើចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុងន័យបង្កើនគម្របព្រៃឈើ និងឆ្ពោះទៅ អព្យាក្រឹត្យភាពកាបូននៅឆ្នាំ ២០៥០។ ដោយមានយុទ្ធនាការ «ពន្លកបៃតង» នឹងចែកកូនឈើជាង ៣ លានដើម រួមជាមួយយុទ្ធនាការ «ដាំដើមត្នោត ១ លានដើម» ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៧២ នាឱកាសសន្និសីទស្តីពីបរិស្ថានមនុស្សនៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយកំណត់យកថ្ងៃ ៥ មិថុនា ជាថ្ងៃប្រារព្ធពិធី។ កម្ពុជាបានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ ហើយបានបញ្ចូលគ្នានូវទិវាបរិស្ថានជាតិ និងពិភពលោកជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិត្រូវបានចារឹកក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣៕

Khcct banner

អត្ថបទទាក់ទង