681 ezgif.com resize
Swift cc time

ព្រះមហាក្សត្រ៖ «ការដោះស្រាយបញ្ហាបរិស្ថាន»មិនមែនជាការងារបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ តែវាជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី ០៥ មិថុនា ២០២៥ បានថ្លែងព្រះរាជសុន្ទរកថា ក្នុងកម្មវិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ថា «ការដោះស្រាយបញ្ហាបរិស្ថាន» ជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិតជាតិ និងអន្តរជាតិ។ ទិវាបរិស្ថានជាតិឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិក» នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា កម្មវិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិក» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការរៀបចំទិវាបរិស្ថាននេះមានគោលបំណងសំខាន់ក្នុងការ លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និង ជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ឱ្យចូលរួមយ៉ាងផុសផុលក្នុងកិច្ចគាំពារបរិស្ថាន ដែលរួមបញ្ចូលទាំងគុណភាពខ្យល់ ទឹក សំឡេង និងការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីឱ្យមានភាពស្អាត បៃតង និងចីរភាព ដែលជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។

បើតាម ព្រះរាជសុន្ទរកថានៃព្រះមហាក្សត្រ ទ្រង់បានលើកឡើងថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឬសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។ ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវតែបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់ជំនាន់ក្រោយ។

គួរបញ្ជាក់ថា ការរៀបចំនេះជាកិច្ចសហការរវាងក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង