
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមិថុនា បានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញ ចុះពិនិត្យមើល លូ ប្រឡាយ និងស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានជ័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿន ដោយពិនិត្យការស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំ រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុន រហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសព្វជាមួយមហាវិថី ឈុន គង់ ខណៈទីតាំងនេះកំពុងសាងសង់ស្ពានឆ្លងកាត់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការចុះពិនិត្យមើលប្រឡាយលូខាងលើនេះ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំ រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូងរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន។ បន្ថែមពីនេះ អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ៈពាល់ប្រឡាយភូមិម័រ ដែលនៅសល់សល់ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួងឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារអាចដាក់គ្រឿងចក្រចូលស្តារប្រឡាយនេះបានទៅតាមទំហំនៃប្លង់ប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ លោក ឃួង ស្រេង បានជំរុញឱ្យការសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ និងស្ថានីយ៍បូមទឹកបឹងទំពុនឱ្យបានលឿន និងរួចរាល់។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បើតាមគម្រោងស្ថានីយ៍បូមទឹកលូប្រាំនឹងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយ៍បូមទឹកបឹងទំពុនថ្មី ដែលសាងសង់បន្ថែមនឹងរួចរាល់ ហើយដាក់ឱ្យដំណើរការបាននៅថ្ងៃទី១៥ ខែកក្កដានេះ។ នាព្រឹកថ្ងៃដដែលនេះ អភិបាលរាជធានីភ្នំពេញ បានបន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសព្វជាមួយមហាវិថី ឈុន គង់ ដែលទីតាំងនេះក្រុមការងារបាននឹងកំពុងតែសាងសង់ស្ពាន ដោយខណៈនោះលោក បានណែនាំឱ្យការដ្ឋានកាយភក់ប្រឡាយឱ្យបានធំ ដើម្បីឱ្យទឹកហូរបានលឿន។ មុនខែកក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិចលង់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នូវការជន់លិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋនារដូវវស្សា៕


