ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានរម្លឹកទាក់ទងទៅនឹងការកសាងស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ដែលស្តុបនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចដែលស្នើតាំងពីមុនឆ្នាំ២០២០ គឺមុនកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យមានស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងប្រទេសវៀតណាម ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីការដឹងគុណគ្នាទៅវិញទៅមក។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង(Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកនេះ។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ Nguyen Tan Cuong បានអរគុណចំពោះ សម្ដេចដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងទិវាថ្ងៃរំដោះភាគខាងត្បូងនៃប្រទេសវៀតណាមនាពេលកន្លងទៅនេះ។ លោកក៏បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការថែរក្សាបាននូវស្ថិរភាព សន្តិភាពនៅក្នុងប្រទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ច។ លោកនាយឧត្ដមសេនីយ៍ ក៏បានលើកឡើងអំពីគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរនៃប្រទេសវៀតណាម ដោយលោក បានបញ្ជាក់ថា គម្រោងនៃការសាងសង់ស្តូបនេះ នឹងបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួនរវាង កម្ពុជានិងវៀតណាមនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងវិស័យកងទ័ព ដែលបានតវ៉ាងើបពីអាណានិគមនាពេលកន្លងមក។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចបានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ នាយឧត្ដមសេនីយ៍ Nguyen Tan Cuong ដែលជាមិត្តចាស់របស់កម្ពុជា ខណៈដែលលោក អញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា-វៀតណាម ដែលបន្តកាន់តែរឹងមាំ និងស្អិតរមួតផ្អែកលើស្មារតីមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ លើគ្រប់វិស័យ។ សម្ដេចតេជោជឿជាក់ថា ទស្សនកិច្ចរបស់នាយឧត្ដមសេនីយ៍មកកាន់កម្ពុជានៅពេលនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសនៅក្នុងវិស័យកងទ័ព។
លោកនាយឧត្ដមសេនីយ៍ក៏បាននាំនូវការអញ្ជើញរបស់ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ចំពោះសម្ដេចអញ្ជើញចូលរួមក្នុងទិវាអបអរសាទរថ្ងៃជ័យជំនះ៨០ឆ្នាំ នៃថ្ងៃឯករាជ្យជាតិវៀតណាម នៅពេលខាងមុខ ។
ជាការឆ្លើយតប សម្ដេចបានមានប្រសាសន៍លើកឡើង ដោយផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញចំពោះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងលោកប្រធានរដ្ឋសភាវៀតណាមផងដែរ។ សម្ដេចបានអរគុណដល់ភាគីវៀតណាម ដែលកន្លងទៅបានទទួលស្វាគមន៍សម្ដេច និងប្រតិភូ ក្នុងឱកាសសម្ដេចចូលរួមក្នុងថ្ងៃ ទិវាខួប៥០ ថ្ងៃរំដោះវៀតណាមភាគខាងត្បូងនាពេលកន្លងទៅនេះ។ សម្ដេចបានមានប្រសាសន៍ពីទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម ជាពិសេសរំលឹកព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ឆ្នាំ២០២៥ ខាងមុខ ដែលជាខួបទី៤៨ ឆ្នាំ នៃដំណើររបស់សម្ដេចឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីឈានទៅរកការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ហើយនៅពេលខាងមុខនោះរដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី។
សម្ដេចបានមានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់ខួបទី៥០ (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ) សម្ដេចនឹងអញ្ជើញទៅផ្ទាល់តែម្ដង ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ក្នុងពេលដែលសម្ដេចធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាម ដោយយកអាយុជីវិតជាដើមទុនដើម្បីមករំដោះប្រទេសជាតិ៕