Smart saver cctime web bannertif

អ្នកនាំពាក្យ៖កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្ពុជា-ថៃនៅថ្ងៃទី១៤ មិថុនា ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី ៤ មិថុនា បានលើកឡើងថា ក្រសួងការបរទេសកម្ពុជា បានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្ពុជា-ថៃ នៅថ្ងៃទី១៤ មិថុនា តែនៅតែបន្តដោះស្រាយតាមរយៈយន្តការអន្តរជាតិ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ ស៊ីស៊ីថាមស៍ថា ក្នុងជំនួបទ្វេភាគីនៅទីក្រុង តូក្យូ ថ្ងៃទី៣០ ឧសភា ២០២៥ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតីនៃការគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និង ប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។

បើតាមលោក ជុំ សុន្ទរី ក្នុងស្មារតីនេះ កម្ពុជាបានឯកភាព ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មាននេះជាផ្លូវការទៅភាគីថៃរួចហើយ។

តែយ៉ាងណាក្តី លោកបានបញ្ជាក់ថា ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន។កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និង ច្បាប់អន្តរជាតិជាគោល៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង