
ថៃ៖ រដ្ឋាភិបាលថៃ នាព្រឹកថ្ងៃទី ៤ មិថុនា ២០២៥ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងផែនការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជារឿងព្រំដែនទាំង ៤ ចំណុច ថា រដ្ឋាភិបាលថៃចង់ចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគី ដោយប្រើយន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC)។
យោងតាមការចុះផ្សាយនៃព័ត៌មាន Khaosod English ដែលបានស្រង់ពីសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលថៃ ជាភាសាថៃ បានគូសបញ្ជាក់ថា ថៃនៅតែប្រកាន់គោលជំហរក្នុងការចរចា ដោយប្រើកិច្ចព្រមព្រៀងឆ្នាំ ២០០០ ព្រមទាំងយន្តការ គណៈកម្មការព្រំដែនចម្រុះ និង គណៈកម្មការព្រំដែនទូទៅ ដើម្បីរក្សាសន្តិភាពនៅព្រំដែនកម្ពុជាថៃ។ បន្ថែមពីនេះ រដ្ឋាភិបាលថៃក៏មានគោលបំណង ក្នុងការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័សដើម្បីចៀសវាងការភាន់ច្រឡំរវាងប្រជាជននៃប្រទេសទាំងពីរ។
បើតាមប្រភពដដែល ថៃបានលើកឡើងថា ស្ថានភាពបច្ចុប្បន្នបានវិលត្រលប់មកសន្តិភាពវិញមកហើយ ដូចនេះ ថៃចង់ដោះស្រាយបញ្ហានេះរវាងប្រទេសទាំងពីរក្នុងនាមជាអ្នកជិតខាង ដើម្បីរក្សាទំនាក់ទំនងមួយនេះ ហើយបានស្នើប្រជុំជាមួយនឹងកម្ពុជានៅថ្ងៃទី ១៤ មិថុនា ២០២៥ ដើម្បីជជែកពាក់ព័ន្ធនឹង រឿងព្រំដែនទាំង ៤ ចំណុច រួមមាន៖ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និង តំបន់មុំបី។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ១ មិថុនា បានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និង បន្តការងារវាស់វែង ខណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ។បន្ថែមពីនេះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និង ប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ជំហររបស់មេដឹកនាំកម្ពុជានេះ គឺទទួលបានគាំទ្រពីប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋានរួមទាំងសម្តេច ហ៊ុន សែន ផងដែរ៕

.jpg?1749004234)