Smart saver cctime web bannertif

អ្នកនាំពាក្យ៖ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រឆាំងអំពើជួញដូរមនុស្ស និងឆបោកតាមអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី ២ ខែ មិថុនា បានចេញសេក្ដីជូនដំណឹងបញ្ជាក់ព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្ត្រ វិធានការ និងយន្តការ នានាយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធ អនឡាញ (Online Scams) បទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងទៀត។

យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះ មានជនបរទេសមួយក្រុម បានចេញផ្សាយរបាយការណ៍បំផ្លើសបំភ្លៃមួយ ក្រោមចំណងជើងថា "Policies and Patterns: State-Abetted Transnational Crime in Cambodia as a Global Security Threat” ដែលក្រុមជនបរទេសនេះ ត្រូវបានប្រទេសផ្តល់ជំនួយសម្រេចផ្តាច់ជំនួយដោយសារតែការប្រើ ថវិកាខ្ជះខ្ជាយ គ្មានតម្លាភាព និងធ្វើសកម្មភាពវាយប្រហារលើបណ្តាប្រទេសនានានាំឱ្យមានអរិភាពកើតឡើង។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្ត្រ វិធានការ និងយន្តការ នានាយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធ អនឡាញ (Online Scams) បទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងទៀត ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រមទាំងជនបរទេស ដែល ចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យ សង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏មានសុច្ឆន្ទៈខ្ពស់ ក្នុងការបើកចំហកិច្ចសហការជាមួយបណ្តាប្រទេសនានា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការសម្អាតប្រាក់។ ទន្ទឹមនឹង កិច្ចសហការនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញឱ្យមានការសិក្សាស្រាវជ្រាវ រៀបចំច្បាប់ថ្មី ធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីឱ្យមានឧបករណ៍គតិយុត្តគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង