
ចិន៖ ប្រទេសចិនបានធ្វើការព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិកមិនឱ្យប្រលែងលេងជាមួយភ្លើងជាដាច់ខាតលើបញ្ហាកោះតៃវ៉ាន់។ ការព្រមានរបស់ចិននេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Pete Hegseth បានព្រមានចិនថានឹងបង្កការគំរាមកំហែងដល់កោះតៃវ៉ាន់ ហើយលោកជំរុញឱ្យបណ្តាប្រទេសនៅអាស៊ីបង្កើនការចំណាយលើវិស័យការពារជាតិ និងធ្វើការជាមួយសហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់សង្គ្រាម។
ថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La កាលពីថ្ងៃសៅរ៍ លោក Hegseth បាននិយាយថា ប្រទេសចិនកំពុងរៀបចំសកម្មភាពយោធាដើម្បីផ្លាស់ប្តូរតុល្យភាពអំណាចរបស់អាស៊ី ដោយលោកបានចោទប្រកាន់ទីក្រុងប៉េកាំងថាកំពុងហាត់សមការឈ្លានពានទៅលើកោះតៃវ៉ាន់។ លោកថែមទាំងថាចិនបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ក្នុងឆ្នាំ ២០២៧ ដើម្បីប្រតិបត្តិការយោធារបស់ខ្លួនដូចដែលលោកប្រធានាធិបតីចិន ស៊ីជិនភីងលើកឡើងក្នុងការឲ្យចិនក្លាយទៅជាយោធាលំដាប់ខ្ពស់។

ប្រមុខរដ្ឋមន្រ្តីការពារជាតិអាម៉េរិកដដែលក៏បានអំពាវនាវដល់សម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងសម្ព័ន្ធសន្តិសុខសំខាន់ៗរបស់អូស្ត្រាលី ឱ្យចំណាយបន្ថែមទៀតលើការការពារជាតិដើម្បីទប់ស្កាត់សង្រ្គាមក្នុងតំបន់។ លោកបានចាត់ទុកសហរដ្ឋអាម៉េរិកថាជាកងកម្លាំងស្ថិរភាពពិតប្រាកដនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាការឆ្លើយតបទីក្រុងប៉េកាំងបានចោទប្រកាន់លោក Hegseth ពីបទបង្ខូចកេរ្តិ៍ឈ្មោះចិន និងបានព្រមានកុំឲ្យសហរដ្ឋអាម៉េរិកប្រលែងលេងជាមួយភ្លើងជុំវិញបញ្ហានៃកោះតៃវ៉ាន់អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "លោក Hegseth បានព្រងើយកន្តើយនឹងការអំពាវនាវឱ្យមានសន្តិភាព និងការអភិវឌ្ឍន៍ពីបណ្តាប្រទេសនៅក្នុងតំបន់ ហើយជំនួសមកវិញបានបន្ទាបបន្ថោកចិត្តគំនិតនៃសង្រ្គាមត្រជាក់សម្រាប់ការប្រឈមមុខដាក់គ្នាក្នុងតំបន់ និងបានបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិនជាមួយនឹងការចោទចិនដោយគ្មានហេតុផល៕