
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ១ មិថុនា ម្សិលមិញ បានប្រកាសគាំទ្រយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ការប្រកាសនេះ គឺធ្វើឡើងក្រោយពីការប្រកាសពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចសូមគាំទ្រទាំងស្រុងការយក«មុំ៣,ប្រាសាទតាមាន់ធំ,តាមាន់តូច,តាក្របីទៅកាន់តុលាការ ICJ។គាំទ្រ ដោយសម្តេចពន្យល់ថា ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និង ជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃ មានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។
សម្តេច ហ៊ុន សែន បានរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?។ ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ១ មិថុនានេះ បានប្រកាសពីលទ្ធផលនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពរបស់នៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។សម្រាប់សម្តេច កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និង ច្បាប់អន្តរជាតិ ជាគោល។
ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និង បន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និងទី២ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និង ប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង៕