Smart saver cctime web bannertif

ប្រមុខការទូតកម្ពុជា-ថៃ ឯកភាពគ្នាជំរុញឱ្យមាន«កិច្ចប្រជុំ»ឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែន

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

 លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និង លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃ ព្រះរាជាណាចក្រថៃ

តូក្យូ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃ ព្រះរាជាណាចក្រថៃ នៅថ្ងៃទី ៣០ ឧសភានេះ បានស្កាត់ជួបចរចាគ្នាពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ជាការចរចាធ្វើឡើង ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ឯកភាពគ្នាជំរុញឱ្យមាន«កិច្ចប្រជុំ»ឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាពិសេសតំបន់ផ្ទុះអាវុធ។

យោងតាមក្រសួងការបរទេសកម្ពុជា នៅក្នុងជំនួបរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានពិភាក្សា ពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយ ឈរលើស្មារតីនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពអ្នកជិតខាងល្អ។ បន្ថែមពីនេះ រដ្ឋមន្រ្តីទាំងពីរជំរុញឱ្យមានការដោះស្រាយបញ្ហានេះបានកាន់តែឆាប់រហ័សពាក់ព័ន្ធនឹងជម្លោះនៅព្រំដែន។

បើតាមក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជា អ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែល កើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរៀងៗខ្លួន ។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពប្រកាន់ស្មារតី នៃការគោរព នៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា ថៃ និងប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយផ្តោតសំខាន់លើតំបន់ដែលបានកើតហេតុនាពេលថ្មីៗនេះ។

គួររំលឹកថា សភាពការណ៍បានវិលត្រឡប់ ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង