Smart saver cctime web bannertif

«សន្និសីទយុវជនកម្ពុជាឆ្នាំ២០២៥» នឹងផ្តល់ជាធាតុចូលក្នុងគោលនយោបាយអាកាសធាតុជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/
រូបភាពតំណាងពី៖ Youth Council for Climate Action

ភ្នំពេញ៖ «សន្និសីទយុវជនកម្ពុជាឆ្នាំ២០២៥» នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ មិថុនា ២០២៥ ចាប់ពីម៉ោង៨ៈ០០នាទីព្រឹក - ៥ៈ០០នាទីរសៀលនៅទីតាំង Factory Phnom Penh។ កម្មវិធីនេះអនុញ្ញាតឱ្យសាធារណៈជនចូលរួមដោយសេរី ដើម្បីចែករំលែកគំនិត បង្កើតដំណោះស្រាយ និងផ្តល់ជាធាតុចូលក្នុងគោលនយោបាយអាកាសធាតុជាតិ រួមទាំងផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0)។

យោងតាមគេហទំព័រនៃ Youth Council for Climate Action បានឱ្យដឹងថា ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តសកម្មភាពដឹកនាំដំណើរការនេះ ដោយមានការគាំទ្រពី UNDP អង្គការសហប្រជាជាតិនានា និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតក្នុងការប្តេជ្ញាចិត្តចំពោះ NDCs ៣.០ ប្រកបដោយមហិច្ឆតាខ្ពស់ ភាពអាចអនុវត្តបាន និងបរិយាបន្ន។

បើតាមប្រភពដដែល សន្និសីទយុវជនក្នុងស្រុក (LCOY) គឺជាវេទិកាសម្រាប់យុវជនដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីអាកាសធាតុ ភ្ជាប់ទំនាក់ទំនង និងផ្តល់អំណាចដល់ពួកគេក្នុងនាមជាអ្នកដឹកនាំ។ តាមរយៈការចែករំលែកចំណេះដឹង និងការភ្ជាប់ទំនាក់ទំនង វាជួយពង្រីកសម្លេងយុវជន និងបញ្ចូលធាតុចូលនិងដំណោះស្រាយសំខាន់ៗទៅក្នុងយុទ្ធសា្រស្តការប្រែប្រួលអាកាសធាតុទាំងថ្នាក់ជាតិ និងអន្តរជាតិ។

សាធារណជនដែលមានអាយុចន្លោះ ១៥ ទៅ ៣០ឆ្នាំអាចចុះឈ្មោះចូលរួមបានតាមរយៈ តំណភ្ជាប់ ដើម្បីអាចទទួលបាននូវឱកាសក្នុងការសិក្សាស្វែងយល់ពីសំណាក់វាគ្មិនជំនាញ និងការចូលរួមដោយផ្ទាល់ជាមួយយុវជននានា, ឱកាសក្នុងការចែករំលែកការយល់ឃើញលើគោលនយោបាយទាក់ទងនឹងអាកាសធាតុ និងដាក់ជាធាតុចូលក្នុង NDCs ៣.០ និងឱកាសចូលរួមវេទិកា និងសន្និសីទអន្តរជាតិទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។

សន្និសីទនេះមានគោលបំណង៤ធំៗ ទី១៖ បង្កើនការយល់ដឹងអំពីផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដែលជាឧបករណ៍ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុដោយប្រើកម្មវិធី YECAP Movers Curriculum។ ទី២៖ បង្កើតឱកាសដល់សម្រាប់យុវជនដើម្បីស្ដែងចេញនូវគំនិត និងទស្សនៈនានាលើប្រធានបទដែលបានជ្រើសរើសតាមវិស័យនៃសេចក្តីព្រាង NDC និងបង្កើតសេចក្តីថ្លែងការណ៍មួយដើម្បីបង្ហាញពីទស្សនៈ និងគោលបំណងរបស់យុវជនតាមរយៈការស្ទង់មតិដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត។ ទី៣៖ ផ្តល់សិទ្ធិអំណាចដល់យុវជនដែលមកពីសហគមន៍ចម្រុះ ដើម្បីចូលរួមយ៉ាងសកម្មក្នុងសកម្មភាពឆ្លើយតប និងអភិបាលកិច្ចនៃ បម្រែបម្រួលអាកាសធាតុតាមរយៈការលើកកម្ពស់កិច្ចពិភាក្សាក្នុងន័យស្ថាបនានៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ទី៤៖ ជំរុញស្មារតីសហគមន៍ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកដំណើរការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត។

គួរបញ្ជាក់ថា កម្មវីធីនេះត្រូវបានសហការរៀបចំដោយ Youth Council for Climate Action អង្គការយុវជនអាស៊ានកម្ពុជា និងគាំទ្រដោយក្រសួងបរិស្ថាន អង្គការយូនីសេហ្វ និងអង្គការ យូអិនឌីភី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង