ព្រះវិហារ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានចូលគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សួន រ៉ាន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ។
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ទុក ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា លោកព្រឹន្ទបាលឯក សួន រ៉ោន បានពលីជីវិត នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងការផ្ទុះអាវុធដែលបង្កឡើងដោយភាគីថៃ ដែលបានបាញ់ប្រហារមុនមកលើលេណដ្ឋានកម្ពុជា នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕