Smart saver cctime web bannertif

ពលរដ្ឋផ្តើមវិលទៅកាន់លំនៅដ្ឋានដើមវិញ ក្រោយចរចាមេទ័ពកម្ពុជា-ថៃចរចាគ្នាចប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋវិលទៅកាន់ទីលំនៅឋានវិញ។រូបភាព៖ឡាយោ

ព្រះវិហារ៖ ប្រជាពលរដ្ឋប្រមាណជា១១៩គ្រួសារ នៅថ្ងៃទី ៣០ ឧសភានេះ បានត្រៀមលក្ខណៈក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល និង ប្រកបមុខរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនមានភាពស្ងប់ស្ងាត់ និង មានសន្តិសុខល្អប្រសើរ។ក្នុងត្រឡប់ទៅវិញ គឺមានការជួយសម្រួលពីអាជ្ញាធរខេត្ត អមជាមួយសម្ភារមួយចំនួន។

មុនចាកចេញទៅលំនៅឋានវិញ ប្រជាពលរដ្ឋទាំង១១៩គ្រួសារ ទទួលបានសួរសុខទុក្ខ និងនាំយកនូវអំណោយ មនុស្សធម៌ជូនដោយផ្ទាល់នៅទីតាំងដែល បានជម្លៀសខ្លួន ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និង ជាមេបញ្ជាការរងកងទ័ពជើងគោក បានប្រកាសធានានៅចំពោះមុខប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការចរចា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែន ដោយឈរលើគោលការណ៍សន្តិវិធី និងផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា មេកងទ័ពកម្ពុជា និង ថៃ នៅថ្ងៃទី ២៩ ឧសភាម្សិលមិញ បានបើកការចរចាគ្នាជាលើកដំបូង ក្រោយការផ្ទុះអាវុធបង្កើតឡើងដោយកងទ័ពថៃនាំឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត។ជាលទ្ធផលនៃការចរចានោះ កងទ័ពកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន៤ចំណុច ដោយភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០។

ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង