
ភ្នំពេញ៖ មេកងទ័ពកម្ពុជា និង ថៃ នៅថ្ងៃទី ២៩ ឧសភាម្សិលមិញ បានបើកការចរចាគ្នាជាលើកដំបូង ក្រោយការផ្ទុះអាវុធបង្កើតឡើងដោយកងទ័ពថៃនាំឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត។ជាលទ្ធផលនៃការចរចានោះ កងទ័ពកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន៤ចំណុច ដោយភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០។
ក្រោយជួបចរចាគ្នាអស់រយៈពេលជាង១ម៉ោង និង ២០នាទី នៅច្រកព្រំដែនចុងចម-អូរស្មាច់ខេត្តឧត្តរមានជ័យ មេកងទ័ពកម្ពុជា និងថៃ បានសម្រេចឯកភាពគ្នាចំនួន៤ចំណុចមានជាអាទិ៍ ប្រកាសបន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និង អនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។
ចំពោះចំណុចទី៤ ភាគីកម្ពុជា បានប្រកាសនឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។
គួរបញ្ជាក់ថា កងទ័ពកម្ពុជា និង ថៃ នៅព្រឹកថ្ងៃទី ២៨ ឧសភានេះ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវប្រហែលជា ១០នាទី។ការផ្ទុះអាវុធដាក់គ្នានេះ គឺផ្តើមឡើងដោយភាគីប្រទេសថៃ ដែលបានបាញ់ប្រហារមុនមកលើលេណដ្ឋានកម្ពុជា ដែលជាទីតាំងឈរជើងតាំងពីយូរលង់ណាស់មកហើយ ដោយការវាយប្រហារនោះ បានបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្ទុះអាវុធនេះ មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយកម្ពុជានឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានចាប់រហ័ស និង បង្ការកុំឱ្យស្ថានភាពនេះ កើតឡើងជាថ្មីម្តងទៀត៕