
ឧត្តរមានជ័យ៖ មេកងទ័ពជើងគោករបស់កម្ពុជា និងថៃ នៅម៉ោងប្រមាណ៣ថ្ងៃទី ២៩ ឧសភានេះ បានចួបចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយ ក្រោយមានការផ្ទុះអាវុធ ដែលផ្តើមឡើងដោយកងទ័ពថៃនាំឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត។ជំនួបចរចានេះ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង នាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក មេបញ្ជាការកងទ័ពជើងគោកថៃ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
កងទ័ពកម្ពុជា និង ថៃ នៅម៉ោងប្រហែលជា ៥:៤៥ នាទីព្រឹកថ្ងៃទី ២៨ ឧសភានេះ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវប្រហែលជា ១០នាទី។ការផ្ទុះអាវុធដាក់គ្នានេះ គឺផ្តើមឡើងដោយភាគីប្រទេសថៃ ដែលបានបាញ់ប្រហារមុនមកលើលេណដ្ឋានកម្ពុជា ដែលជាទីតាំងឈរជើងតាំងពីយូរលង់ណាស់មកហើយ ដោយការវាយប្រហារនោះ បានបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្ទុះអាវុធនេះ មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយកម្ពុជានឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានចាប់រហ័ស និង បង្ការកុំឱ្យស្ថានភាពនេះ កើតឡើងជាថ្មីម្តងទៀត។
ក្រោយផ្ទុះអាវុធ នាយករដ្ឋមន្ត្រីកម្ពុជា និង ថៃ បានទាក់ទងជួបចរចាគ្នា ដើម្បីទប់ស្កាត់ការបន្តរីកកាន់តែធំនៃអាវុធ ហើយសម្រេចឱ្យមានជំនួបចរចានេះកើតឡើង។នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា ការចរចានៅល្ងាចនេះ នឹងទទួលបានលទ្ធផលល្អ។