ភ្នំពេញ៖ យុវជន១២រូប មកពីសាលា ៤ផ្សេងគ្នា បានចាប់ដៃសហការគ្នារៀបចំការប្រកួតផ្នែករូបវិទ្យា Faraday’s Physics Tournament សម្រាប់សិស្សថ្នាក់ទី៧ដល់ទី១២ ដែលចូលចិត្តការប្រកួតប្រជែង និងមានបំណងបញ្ចេញសមត្ថភាពផ្នែកវិញ្ញាសារូបវិទ្យា។ កម្មវិធីប្រកួតនេះបានប្រព្រឹត្តទៅចំនួនពីរជុំ ដែលជុំទី១មានការចូលរួមប្រកួតប្រមាណ ៧០០នាក់ ប្រកួតតាមអនឡាញ ចំណែកឯជុំទី២ មានការចូលរួមប្រកួតជាង២៦៥នាក់ មកពីខេត្តក្រុង១១ផ្សេងគ្នា បានប្រកួតនៅទីតាំងផ្ទាល់នៅសាលារៀនជំនាន់ថ្មីព្រះយុគន្ធរ។
យុវតី ស៊ុន ពេជ្រម៉ូនីកា ជាសិស្សថ្នាក់ទី១០ និងជាក្រុមការងារស្នូលផ្នែកទំនាក់ទំនងនៃគម្រោងនេះ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការប្រកួតប្រជែងផ្នែករូបវិទ្យា Faraday’s Physics Tournament ត្រូវបានរៀបចំឡើងសម្រាប់សិស្សដែលកំពុងសិក្សាថ្នាក់ទី៧ ដល់ទី១២ ដែលសិក្សានៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា អាចដាក់ពាក្យប្រកួតបាន ដើម្បីធ្វើតេស្តចំណេះដឹងរបស់ពួកគេ និងទទួលបានចំណេះដឹងព្រមទាំងបទពិសោធន៍ថ្មីៗពីការប្រកួត និងបង្កើនចំណូលចិត្តក្នុងការចាប់យកជំនាញស្ទែមនាពេលខាងមុខ។
ការប្រកួតនេះត្រូវបានធ្វើឡើងចំនួនពីរជុំ គឺ ជុំទី១ ដែលមានសិស្សានុសិស្សប្រមាណ ៧០០នាក់បានចូលរួមប្រកួតតាមរយៈអនឡាញ កាលពីខែកុម្ភៈ ដោយប្រើប្រាស់ប្រព័ន្ធ Google Meet និង Google form ដើម្បីប្រកួត។ ចំណែកឯជុំទី២ គឺធ្វើឡើងកាលពីថ្ងៃទី ១១ ខែឧសភា ២០២៥ ដោយមានការចូលរួមពីសិស្សានុសិស្សប្រមាណ ២៦៥នាក់ នៅទីតាំងសាលារៀនជំនាន់ថ្មីព្រះយុគន្ធរ ដែលស្ថិតនៅរាជធានីភ្នំពេញ។ ការប្រកួតនេះ មានការចូលរួមដោយសិស្សានុសិស្សដែលមកពីថ្នាក់វិទ្យាល័យមកពី១១ខេត្តក្រុងផ្សេងគ្នារួមមាន ភ្នំពេញ តាកែវ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង បន្ទាយមានជ័យ កណ្ដាល មណ្ឌលគិរី ត្បូងឃ្មុំ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ព្រះសីហនុ កំពង់ធំ និង កំពត។

គម្រោងនៃការប្រកួតនេះត្រូវបានផ្តួចផ្តើមដោយយុវជន អ៊ា ឈុនលាង ដែលមានឆន្ទៈក្នុងការស្រលាញ់ផ្នែករូបវិទ្យា និងការចូលរួមប្រកួតចំណេះដឹង ដោយមានការចូលរួមពីយុវជនសមាជិកស្នូលប្រមាណ ១១រូប ដែលមកពីសាលាចំនួន ៤ ផ្សេងគ្នាកំពុងសិក្សាចន្លោះថ្នាក់ទី១០ ដល់ទី១២។ យុវជន អ៊ា ឈុនលាង ជាសិស្សថ្នាក់ទី១២ និងជាប្រធានគម្រោងនេះ បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា មូលហេតុដែលខ្លួនបានសម្រេចចិត្តជ្រើសរើសប្រកួតផ្នែកវិញ្ញាសារូបវិទ្យា ដោយសារតែបច្ចុប្បន្នខ្លួនបានសង្កេតឃើញថាមានកំណើននៃការរៀបចំកម្មវិធីប្រកួតផ្នែកគណិតវិទ្យាច្រើន តែវិញ្ញាសារូបវិទ្យាមិនសូវធ្លាប់ឃើញមានការរៀបចំកន្លងមកនោះទេ ហេតុនេះទើបក្រុមរបស់ខ្លួនចង់ឃើញសិស្សានុសិស្សមានជម្រើសក្នុងការជ្រើសរើសមុខវិជ្ជារូបវិទ្យាដើម្បីប្រកួតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។
ក្នុងនាមជាសិស្សដែលកំពុងសិក្សានៅវិទ្យាល័យ និងរៀបចំការប្រកួតបែបនេះ យុវជនក្រុមនេះ មិនបានចាត់ទុកបញ្ញាដែលជួបប្រទះចំពោះមុខជាឧបសគ្គនោះឡើយ រៀងរាល់ពេលដែលមានចម្ងល់ ពួកគេតែងទាក់ទងទៅកាន់សិស្សច្បងដែលមានបទពិសោធន៍ ដើម្បីអាចស្វែងរកដំណោះស្រាយ និងបន្តអនុវត្តគម្រោងរបស់ខ្លួនរហូតមកដល់វគ្គផ្តាច់ព្រ័ត្រ។ យុវជនក្រុមនេះ មានក្តីសង្ឃឹមថានឹងមានការកើនឡើងនៃចំនួនសិស្សដែលចូលចិត្តមុខវិទ្យារូបវិទ្យានិងចូលរួមប្រកួតកម្មវិធីបែបនេះច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើននូវចំណេះដឹងផ្នែកស្ទែមបានកាន់តែប្រសើរជាងមុន។
គួរបញ្ជាក់ថា យុវជនដែលជាសមាជិកស្នូលនៃការរៀបចំការប្រកួតផ្នែករូបវិទ្យានេះរួមមានសិស្សមកពីវិទ្យាល័យចំនួន ៤ផ្សេងគ្នាគឺ វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី មានសិស្សចំនួន ៨ នាក់គឺ អ៊ា ឈុនលាង, សុខន យ៉ាលីន, ឈុន ពីស៊ីង, ឌីន សារ៉ាឌី, រ៉ា ម៉ាណែត, សន រច្ចនវតី, ហេង ម៉ាលីស និង ឡេង ឡាឌៀ និង សុផល កែវមុន្នី, ព្រមទាំងសិស្សចំនួនបីរូបដែលមកពីសាលារៀនឯកជនបីផ្សេងគ្នារួមមាន ស៊ុន ពេជ្រម៉ូនីកា , ពៅ ជុំរតនៈ និង ហ៊ាង សេងគីម៕