ភ្នំពេញ៖ សមាគមអប់រំប្រៀបធៀបកម្ពុជា និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំសន្និសីទការអប់រំប្រៀបធៀប ក្រោមប្រធានបទ “Academic Integrity in the Age of Generative Al” ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ និងនិស្សិតមកពីគ្រឹះស្ថាននានាចំនួន ១៤ ស្ថាប័ន និងចំនួនអ្នកចូលរួម ១៣៥ នាក់។
សន្និសីទការអប់រំប្រៀបធៀបនៅប្រទេសកម្ពុជា មានការចូលរួមសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។សន្និសីទនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត ឱ្យមានសុចរិតភាព នៅក្នុងការសិក្សា និងការស្រាវជ្រាវ ក៏ដូចជាការងារផ្សេងៗទៀតនៅតាមគ្រឹះស្ថានអប់រំសិក្សា ដែលនៅក្នុងរបៀបវារៈ កម្មវិធីបានជជែកពិភាក្សាលើប្រធានបទ “តើអ្វីជាចំណេះដឹងនៅក្នុងបរិបទនៃGenerative AI?” “ការកំណត់និយមន័យឡើងវិញទៅលើសុចរិតភាពការសិក្សា” និងវេទិកាជជែកពិភាក្សាតំណាលគ្នាក្រោម ប្រធានបទជាច្រើនទៀតរួមមាន “ក្រមសីលធម៌បញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល” “អភិបាលកិច្ច និង ក្របខ័ណ្ឌគោលនយោបាយបញ្ញាសិប្បនិម្មិត” និង “បដិវត្តកម្មឌីជីថល”។
សាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចនិងជាប្រធានសន្និសីទការអប់រំ ប្រៀបធៀបនៅប្រទេសកម្ពុជា បានមានប្រសាសន៍ក្នុងសុន្ទរកថាបើកកម្មវិធីថា “ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត បានបម្រើផលប្រយោជន៍ច្រើនដល់ការសិក្សានិងការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវ និងនិស្សិត ប៉ុន្តែទន្ទឹមនឹងនេះ វា ក៏តម្រូវឲ្យពួកគាត់ចេះក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយសុចរិតភាព និងក្រមសីលធម៌”។ ចំណែកឯ សាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី សាស្ត្រាចារ្យផ្នែកបញ្ញាសិប្បនិម្មិត និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យខេមតិច បានមានប្រសាសន៏ក្នុងសុន្ទរកថាបិទកម្មវិធីថា “បញ្ញាសិប្បនិម្មិត មិនមានបញ្ញានោះទេ វាគ្រាន់តែជាឧបករណ៍ជំនួយក្នុងកិច្ចការងារយើងតែប៉ុណ្ណោះ ហើយ លទ្ធផលដែលបានមកពីឧបករណ៍បញ្ញាសិប្បនិម្មិតទាំងនេះ ត្រូវការការវិនិច្ឆ័យបន្ថែមពីមនុស្សដើម្បីយកមកប្រើ ប្រាស់ឲ្យមានផលប្រយោជន៍”។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យខេមតិច បានរៀបចំសន្និសីទការអប់រំប្រៀបធៀបនៅប្រទេសកម្ពុជា (Comparative Education Society of Cambodia ហៅកាត់ថា CESCam) ដែលលើកទី១ ដែលសាកលវិទ្យាល័យខេមតិចបានរៀបចំសន្និសីទនេះឡើង ក្នុងឆ្នាំ២០២៣ ក្រោមប្រធានបទ “De-schooling for Post-COVID19 Recovery”៕