ភ្នំពេញ៖ កងទ័ពកម្ពុជា និង ថៃ នៅព្រឹកម៉ោងប្រហែលជា ៥:៤៥ នាទីព្រឹកថ្ងៃទី ២៨ ឧសភានេះ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវប្រហែលជា ១០នាទី។ការផ្ទុះអាវុធដាក់គ្នានេះ គឺផ្តើមឡើងដោយភាគីប្រទេសថៃ ខណៈពេលកងទ័ពកម្ពុជាកំពុងដើរល្បាតតាមព្រំដែនការងារទឹកដី។ នេះបើយោងតាមឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា។
មន្ត្រីអ្នកនាំពាក្យកងទ័ពជើងគោករបស់កម្ពុជា បានគូសបញ្ជាក់ថា ពិតជាមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃ ពិតមែន ហើយការផ្ទុះនោះកើតឡើងក្នុងតំបន់មុំ៣ ឬ តំបន់ចុងបូក នៅក្នុងស្រុកជាំក្សាន្ត និងស្រុកឆែប ខេត្តព្រះវិហារ ជាប់ជាមួយខេត្តអ៊ូប៊ុន ប្រទេសថៃ និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។
បើតាមឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ការផ្ទុះអាវុធនេះ ផ្តើមចេញដោយកងទ័ពរបស់ប្រទេសថៃឈុតខ្មៅ ហើយក៏រត់ ក្នុងពេលកងទ័ពកម្ពុជាកំពុងដើរល្បាត ការពារមាតុភូមិ។
ចំពោះការផ្ទុះអាវុធដាក់ក្នាមួយប្រាវនេះ ទាំងភាគីកម្ពុជា និង ថៃ មិនទាន់បានបញ្ជាក់ពីកងទ័ពរបួស និងខូចខាតនោះទេ ហើយបណ្តាញសារព័ត៌មានថៃ បានព្យាយាមផ្សព្វផ្សាយវាយប្រហារកម្ពុជាដោយចោទថា កងទ័ពកម្ពុជារំលោភតំបន់ស៊ីត្រួតគ្នានៅតំបន់ចុងបូក។
ការផ្ទុះអាវុធដាក់គ្នានេះ ត្រូវបានគេរំពឹងពីភាពតាន់តឹងដែលអាចនាំឱ្យប៉ះគ្នាទៀត នៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃមួយចំនួន ដែលមិនទាន់ដោះស្រាយចប់ គឺទី១. តំបន់ចុងបូកដែលកំពុងប៉ះទង្គិចគ្នានេះ, ទី២. តំបន់ប្រាសាទតាមាន់ធំ និង ទី៣. តំបន់ Chong Arn Ma (ច្រកអានសេះ)៕