
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៨ ឧសភានេះ បានទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ច បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេល៣ថ្ងៃរួចមក។វត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត លើទឹកដីជប៉ុន ទទួលស្វាគមន៍ពីសំណាក់ សមាជិកសភា និង ជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន។
យោងតាមក្រសួងការបរទេសកម្ពុជា ទស្សនកិច្ចការងារផ្លូវការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ដែលនឹងមានជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ជប៉ុន ISHIBA Shigeru គ្រោងជួបទ្វេភាគីដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំនៃស្ថាប័ន នីតិបញ្ញត្តិជប៉ុន និង ចូលរួមថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» (Nikkei Forum 30th FUTURE OF ASIA)។
បើតាមក្រសួងការបរទេសកម្ពុជា ដែលបញ្ជាក់បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ដែរ។