
ភ្នំពេញ៖ យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ មានប្រជាពលរដ្ឋចូលរួមសរុបចំនួនប្រមាណជាង ៦,៥០០នាក់ ក្នុងមូលដ្ឋានរាជធានីខេត្តទាំង៥ ដោយបានចែកខិតបណ្ណផ្សព្វផ្សាយ ស្ទិកគ័រ ផ្ទាំងព័ត៌មាន បដាផ្តល់សារអប់រំ ព្រមទាំងការផ្សព្វផ្សាយសារអប់រំជាសំឡេងដោយឃោសនសព្ទចល័តតាមទីប្រជុំជននានា និងតាមសហគមន៍។
បើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន ចាប់តាំងពីចុងខែមេសា និងដើមខែឧសភា យុទ្ធនាការនេះបានទទួលការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបច្ចុប្បន្នបានធ្វើដំណើរដល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងតាកែវហើយ តាមរយៈការរៀបចំសកម្មភាពផ្សេងៗដូចជាការចុះជួបលោកគ្រូអ្នកគ្រូ សិស្សតាមសាលារៀន អាជីវករក្នុងផ្សារ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិលានុបដ្ឋាក/គិលានុបដ្ឋាយិកានៃមន្ទីរពេទ្យបង្អែក ព្រះសង្ឃ យាយជីតាជី វេទិកាជាមួយអ្នកសារព័ត៌មាននិងអ្នកបង្កើតមាតិកាលើបណ្តាញសង្គម ការដើរក្បួនតាមទីសាធារណៈនានា សរុបចំនួន៣៣លើក ដោយមានប្រជាពលរដ្ឋចូលរួមសរុបចំនួនប្រមាណជាង ៦,៥០០នាក់។

បើតាមប្រភពដដែល ក្នុងជំហានបន្ទាប់ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនឹងធ្វើដំណើរទៅកាន់ខេត្តកំពត កែប ព្រះស៊ីហនុ កោះកុង និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ទៅតាមកាលវិភាគកំណត់។ ក្នុងដើមខែឧសភាកន្លងទៅនេះ យុទ្ធនាការបានផ្សព្វផ្សាយ តាមរយៈហ្វេសប៊ុក តិកតុក តេឡេក្រាម ដោយបានបញ្ជ្រាបខ្លឹមសារថ្មីសរុប ជាង ១,២០០មាតិកា ក្នុងនោះយុទ្ធនាការបានចាក់បញ្ចូលខ្លឹមសារជាទម្រង់វីដេអូថ្មីសរុបចំនួន១២៤ ឃ្លីប ដែលទទួលបានការផ្តល់Like និងShare ប្រមាណ១ម៉ឺនដង។

បន្ថែមពីនេះ ក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ បានផ្ញើសារអប់រំផ្សព្វផ្សាយតាមប្រព័ន្ធTRC-SMS សរុបចំនួន៩សារ ទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួនជាង ២៣លាននាក់ ដោយនឹងដាក់ដំណើរការការផ្សព្វផ្សាយតាមរយៈcall-tune នៅក្នុងខែមិថុនាតទៅបន្ថែមទៀត៕


