Smart saver cctime web bannertif

«សមាជរដ្ឋសភា និងព្រឹទ្ធសភា»នឹងរៀបចំឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា។រូបភាព៖វិមានព្រឹទ្ធសភា

ភ្នំពេញ៖សមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ សមាជរដ្ឋសភា និង ព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យនិងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់ មកលើរាជរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដាឆ្នាំ២០២៣ កន្លងនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងសមាជនេះ នឹងមានរបៀបវារៈចំនួន៣ ក្នុងនោះមានជាទិ៍ ការពិភាក្សា និងអនុម័តប្រធានបទ អំពីប្រព័ន្ធគាំពារសង្គម ប្រធានបទសេដ្ឋកិច្ចក្រៅប្រពន្ធ និង ប្រធានបទ វិស័យកសិកម្ម។សមាជនេះ នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន។

រាជរដ្ឋាភិបាល និង ភាគីពាក់ព័ន្ធ បានចាត់ទុកសមាជនេះ  គឺជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាល បង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋ ដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ ករណីប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិនិងប្រជាជនឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ។

បើតាមរដ្ឋសភាកម្ពុជា សមាជរដ្ឋសភា និង ព្រឹទ្ធសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ លទ្ធផលចេញពីសមាជ ជាលទ្ធផលឧត្តុងឧត្តម ខ្ពង់ខ្ពស់បំផុតដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច។ សមាជរដ្ឋសភានិងព្រឹទ្ធសភាព ជាដំណើរលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានបង្កើតឡើងក្រោយពីការបោះឆ្នោត កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគណបក្សនយោបាយ ចំនួន ១៨ ហើយមានប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតចំនួន ៨៤.៥៩% បានអញ្ជើញទៅបោះឆ្នោត។គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ លើសលប់គិតជាភាគរយប្រមាណ ៨២.៣% នៃចំនួនអ្នកបោះឆ្នោត ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយក្នុងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។ គណបក្សនយោបាយចំនួនពីរទទួលបានអាសនៈនៅរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ។



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង