Smart saver cctime web bannertif

រកឃើញ«រោងចក្រ និងក្រុមហ៊ុនជាង៣១ទីតាំង» បញ្ចេញសំណល់រាវប៉ះពាល់ប្រភពទឹកសាធារណៈ ក្នុងឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុន និងរោងចក្រ ចំនួន ៣១ ត្រូវបានរកឃើញ មានការបញ្ចេញសំណល់រាវ មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ មិនបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្ម សំណល់រាវស្របតាមស្តង់ដារ ដែលធានាលើការបញ្ចេញ សំណល់រាវ ឱ្យស្អាតមុនពេល បញ្ចេញទៅក្រៅ រោងចក្រ និងក្រុមហ៊ុន។ នេះបើការរកឃើញរបស់ក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន។

ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានបន្តរកឃើញ បញ្ហាបំពុលបរិស្ថាន របស់ក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.និងក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ។ ក្រុមហ៊ុនទាំង២ ផលិតដំណាប់ស្វាយ និងមានទីតាំង នៅភូមិសាស្រ្ត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រុមការងារ បានរកឃើញថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.បានធ្វើការបង្ហូរសំណល់រាវ មិនបានសម្អាតត្រឹមត្រូវ ចូលអូរពាមទុង ដោយផ្ទាល់ ដែលបានបង្កឱ្យមានបញ្ហាក្លិនស្អុយ ធ្វើឲ្យខូចប្រភពទឹក ប៉ះពាល់ដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាង១០០គ្រួសារ។

ដោយឡែកក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ត្រូវបានក្រុមការងារ រកឃើញថា បានបង្ហៀរសំណល់រាវ មិនបានសម្អាតចេញពីស្រះស្តុក ចូលទៅតាមទីវាលទំនាប ស្ថិតនៅចំហៀងផ្នែកខាងកើត ទីតាំងក្រុមហ៊ុន បន្ទាប់មកបានហូរបន្តចូលប្រឡាយសាធារណៈ រួចហូរធ្លាក់ចូលក្នុងអូរធម្មជាតិឆ្ពោះទៅទំនប់ទឹកពាមទុងផងដែរ។ បញ្ហានេះ បានបង្កឲ្យមានបញ្ហាក្លិនស្អុយ ប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងតំបន់។

គួរបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុននិងរោងចក្រ ចំនួន ៣១ ត្រូវបានរកឃើញ បញ្ចេញសំណល់រាវប៉ះពាល់ដល់ប្រភពទឹកសាធារណៈ ក្នុងនោះមាន៖ ក្រុមហ៊ុនចំនួន ១ បានអនុវត្តច្បាប់តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន បានរួចរាល់។ រោងចក្រនិងក្រុមហ៊ុន ចំនួន ១៧ អនុវត្តបានចំនុចមួយចំនួន និងកំពុងស្ថិតក្នុងនីតិវិធីតាមដាន នៃត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ជាកែប្រែពីក្រសួងបរិស្ថាន ស្របតាមនីតិវិធីច្បាប់ និងកាលបរិច្ឆេទកំណត់។ រោងចក្រនិងក្រុមហ៊ុនចំនួន ១៣ បាននិងកំពុងរៀបចំឯកសារបញ្ជាកែប្រែ ដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការបញ្ចេញសំណល់រាវ បំពុលដល់ប្រភពទឹកសាធារណៈ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាននៅតែអំពាវនាវ ដល់ម្ចាស់រោងចក្រនិងក្រុមហ៊ុនទាំងអស់ កុំបញ្ចេញសំណល់រាវ ដោយមិនមានប្រព័ន្ធចម្រោះទឹកកខ្វក់ត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន និងភាពសុខដុមរមនារបស់មនុស្ស និងធម្មជាតិ ជាពិសេសកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់រោងចក្រ និងក្រុមហ៊ុននានា ដែលកំពុងអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង